អាជ្ញាធរថៃនឹងចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្ដឹងប្រទេសនៅថ្ងៃអាទិត្យនេះ
ថៃ៖ អាជ្ញាធរថៃនឹងផ្ដើមអនុវត្តវិធានការបន្ធូរបន្ថយការរឹតបន្ដឹងប្រទេសនៅថ្ងៃអាទិត្យនេះហើយ ក្រោយការបិទប្រទេសជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩។ បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) បានឲ្យដឹងថា ការបន្ធូរបន្ថយការរឹតត្បិតប្រទេសនឹងត្រូវធ្វើឡើងបន្តិចម្តងៗមាន ៤ ដំណាក់កាល និងមានរយៈពេល ២ ខែ ដោយដំណាក់កាលទី ១ នឹងផ្ដើមអនុវត្តនៅថ្ងៃអាទិត្យទី ៣ ឧសភានេះ។ លោកបានបន្តថា ក្នុងដំណាក់កាលទី ១ មានរយៈពេល ១៤ ថ្ងៃ ហើយក្នុងអំឡុងពេលនេះហាងលក់ទំនិញតូចៗ ហាងលក់អាហារនិងភេសជ្ជៈខ្នាតតូច ឬផ្សារតាមសហគមន៍តូចៗនឹងត្រូវអនុវត្តញ្ញាតឲ្យបើកដំណើរការជាធម្មតាវិញ។

ប្រសិនបើក្នុងដំណាក់កាលទីមួយមិនមានការរាតត្បាតមេរោគខ្លាំងទេ គេនឹងបន្តអនុវត្តដំណាក់ទី ២ និងទី ៣ ទៀតដោយអនុញ្ញាតឲ្យផ្សារទំនើបធំៗ ហាងធំៗ ឬភោជនីយដ្ឋានធំៗបើកទ្វារជាធម្មតាវិញ។ ដោយឡែកការជួបជុំទ្រង់ទ្រាយធំដូចជា ការប្រគុំតន្ត្រី ការប្រកួតបាល់ទាត់ ប្រដាល់ ឬសេវាកំសាន្តផ្សេងៗនឹងត្រូវអនុវត្តនៅដំណាក់កាលទី ៤ ប្រសិនបើគ្មានការរាតត្បាតផ្ទុះឡើងនោះទេ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដសរុបចំនួន ២ ៩៥៤ ករណី ស្លាប់ ៥៤ ករណី និងមានអ្នកជាសះស្បើយចំនួន ២ ៦៨៤ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost