លោក គីម ជុងអ៊ុន បង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងពិធីកាត់ខ្សែបូ បញ្ចប់ចម្ងល់ពីអវត្តមានរបស់គាត់
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងបំផុត ក្នុងរយៈពេលជាង ២០ថ្ងៃ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមអំពីសុខភាពរបស់គាត់។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០នេះថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីមួយ និងបានកាត់ខ្សែបូ សម្ពោធឱ្យរោងចក្រផលិតជី នៅសាន់ឆុន ក្បែររដ្ឋធានីព្យុងយ៉ាង ដោយមានមន្ត្រីជាន់ខ្ពស់ដទៃទៀត រួមទាំងប្អូនស្រីរបស់គាត់គឺនាង គីម យូចុង ផងដែរ។

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលលោក គីម ជុងអ៊ុន បានបាត់ដំណឹងសូន្យឈឹងគ្មានអ្នកក្រៅណាដឹង។ ពីដំបូងសារព័ត៌មានអាមេរិកថាគាត់ឈឺធ្ងន់ធ្ងរ ហើយក្រោយមកទៀតមានពាក្យចចាមអារាមខ្លះបាននិយាយថា គាត់ឥឡូវជាមនុស្សរុក្ខជាតិ ឬបានស្លាប់ហើយជាដើម។ ប៉ុន្មានថ្ងៃមុនអាមេរិកក៏បានបង្ហាញរូបថតពីផ្កាយរណប និយាយថាសូម្បីតែរថភ្លើងផ្ទាល់ខ្លួនរបស់គាត់ក៏អសកម្មយូរថ្ងៃហើយដែរ។ ប៉ុន្តែយ៉ាងណាវត្តមានរបស់គាត់បានបង្ហាញថា គាត់គឺនៅមានសុខភាពល្អ មិនដូចជាពាក្យចចាមអារាមទាំងនោះនិយាយនោះទេ៕




អត្ថបទ៖ លីដា
ប្រភព៖ Aljazeera