ម៉ាឡេស៊ីអនុញ្ញាតឲ្យមនុស្ស ៤ នាក់អាចជិះក្នុងរថយន្តតែមួយបានវិញហើយ ក្រោយស្ថានភាពជំងឺកូវីដ ១៩ កំពុងត្រលប់ទៅរកភាពល្អប្រសើរ
ម៉ាឡេស៊ី៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងប្រទេសបន្តិច ដោយពេលនេះអាជ្ញាធរបានអនុញ្ញាតឲ្យមនុស្ស ៤ នាក់អាចធ្វើដំណើររួមគ្នាបានក្នុងរថយន្តតែមួយ។ ការបន្ធូរបន្ថយនេះត្រូវបានគេមើលឃើញថា ត្រូវបានដាក់ចេញក្រោយស្ថានភាពរីករាលដាលនៃមេរោគកូវីដ ១៩ ហាក់មានភាពថយចុះនិងកំពុងត្រលប់ទៅកាន់ភាពល្អប្រសើរឡើងវិញបន្តិចម្តងៗផងដែរ។ គេនៅចាំបានថា កាលពីអំឡុងពេលមានការរាតត្បាតមេរោគកូវីដ ១៩ ខ្លាំងនោះ អាជ្ញាធរម៉ាឡេស៊ីបានអនុញ្ញាតឲ្យមានតែមនុស្សម្នាក់ប៉ុណ្ណោះនៅក្នុងរថយន្តគឺអ្នកបើកបរតែម្តង ដែលអាចបើរថយន្តចេញក្រៅផ្ទះបានពេលត្រូវទៅទិញរបស់សំខាន់ៗដូចជា អាហារនិងថ្នាំពេទ្យជាដើម។

ក្រៅតែពីបន្ធូរបន្ថយវិធានការដូចខាងលើនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានសម្រេចឲ្យកន្លែងធ្វើអាជីវកម្មនិងឧស្សាហកម្មជាច្រើនអាចបើកទ្វារជាធម្មតាបានវិញផងដែរ តែត្រូវបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉េឡេស៊ីមានអ្នកឆ្លងមេរោគកូវីដសរុបចំនួន ៦ ២៩៨ ករណី ស្លាប់ ១០៥ ករណី និងជាសះស្បើយចំនួន ៤ ៤១៣ ករណីផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz