ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋក្រុងបាងកកសម្រុកទៅទិញគ្រឿងស្រវឹងយកមកទុក ព្រោះខ្លាចអាជ្ញាធរបិទមិនឲ្យមានការលក់ជាថ្មីម្តងទៀត

    BY autoadmin May 4, 2020
    ពលរដ្ឋក្រុងបាងកកសម្រុកទៅទិញគ្រឿងស្រវឹងយកមកទុក ព្រោះខ្លាចអាជ្ញាធរបិទមិនឲ្យមានការលក់ជាថ្មីម្តងទៀត

    ថៃ៖ ពលរដ្ឋនៅក្នុងក្រុងបាងកកប្រទេសថៃត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងកកកុញ ដើម្បីសម្រុកទៅទិញស្រាយកមកទុក ក្រោយអាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញ។ គួរម្លឹកជូនថា ជាងមួយខែមកហើយដែលថៃបានបិទការលក់គ្រឿងស្រវឹងគ្រប់ប្រភេទទាំងស្រុងនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ព្រោះការផឹកស៊ីជួបជុំគ្នាក្នុងចំណោមមនុស្សច្រើនគឺជាសកម្មភាពមួយដែលជំរុញឲ្យមានការចម្លងមេរោគយ៉ាងឆាប់រហ័សផងដែរ។ បើតាមបំរាមរបស់អាជ្ញាធរថៃបានកំណត់ថា ជនណាដែលហ៊ានលក់ និងទិញគ្រឿងស្រវឹងក្នុងអំឡុងពេលហាមឃាត់នោះនឹងត្រូវពិន័យជាប្រាក់ ៤០ ០០០ បាត (១ ២៣០ ដុល្លារអាមេរិក) និងជាប់គុក ២ ឆ្នាំទៀតផង។

    ហេតុផលសំខាន់មួយដែលជំរុញឲ្យពលរដ្ឋនៅក្នុងក្រុងបាកកសម្រុកទៅទិញគ្រឿងស្រវឹងយកមកទុកដូចនេះ ព្រោះពួកគេបារម្ភថាអាជ្ញាធរអាចនឹងបិទមិនឲ្យមានការលក់គ្រឿងស្រវឹងម្តងទៀតនៅពេលខាងមុខ ប្រសិនបើការចម្លងជំងឺកូវីដ ១៩ បន្តកើនឡើងខ្ពស់ ឬរលកទី ២ នៃការរាតត្បាតមេរោគបានកើតឡើង។ យ៉ាងណាក្តី ការសម្រេចបើកឲ្យមានការលក់គ្រឿងស្រវឹងវិញនេះក៏ត្រូវធ្វើឡើងតាមដំណាក់កាលដែរ ដោយក្រុងបាងកកផ្ដើមអនុញ្ញាតមុនគេ ខេត្ត Buri RamនិងLampang នឹងអនុញ្ញាតនៅថ្ងៃទី ១៥ ខែ ឧសភា ខេត្ត Chanthaburi, Pathum Thani, Phetchaburi, Phitsanulok, Sa Kaeo និងខេត្ត Songkhla នឹងត្រូវបានអនុញ្ញាតនៅចុងខែនេះ ខណៈខេត្តមួយចំនួនទៀតនៅមិនទាន់មានភ្លើងខៀវនៅឡើយទេ។ បើតាមអាជ្ញាធរថៃបានពន្យល់ថា ការសម្រេចឲ្យមានការអនុញ្ញាតជាដំណាក់កាលដូចនេះគឺអាស្រ័យទៅលើស្ថានភាពប្រជាពលរដ្ឋ និងកម្រិតនៃការរាតត្បាតជាក់ស្តែងតាមទីតាំងផ្សេងៗគ្នាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

     

    Share This Post: