ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ព្យាករណ៍ថា ពលរដ្ឋអាមេរិកប្រមាណជា ១០០ ០០0 នាក់ អាចនឹងត្រូវស្លាប់ ដោយសារកូវីដ ១៩

    BY autoadmin May 4, 2020
    លោក ដូណាល់ ត្រាំ ព្យាករណ៍ថា ពលរដ្ឋអាមេរិកប្រមាណជា ១០០ ០០0 នាក់ អាចនឹងត្រូវស្លាប់ ដោយសារកូវីដ ១៩

    អាមេរិក៖  ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានលើកឡើងថា ពលរដ្ឋអាមេរិកប្រមាណជា ១០០ ០០០ នាក់អាចនឹងត្រូវស្លាប់ ដោយសារកូវីដ ១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ ការបង្ហាញជូនអំពីតួលេខអ្នកស្លាប់ដូចខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានចំណាយពេលជាង ២ ម៉ោង ដើម្បីឲ្យក្រុមអ្នកសារព័ត៌មាន FOX News សម្ភាសន៍គាត់នៅឯទីក្រុងវ៉ាស៊ីនតោន។ បើតាមលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ពលរដ្ឋអាមេរិកចន្លោះពី ៧៥ ០០០​ នាក់ ទៅ ១០០ ០០០ នាក់អាចនឹងត្រូវស្លាប់ មុនពេលដែលគេអាចយកឈ្នះលើមេរោគកូវីដ ១៩ បានទាំងស្រុង។

    ក្រៅតែពីបានបង្ហាញជូនការព្យាករណ៍អំពីតួលេខអ្នកស្លាប់ដូចខាងលើនេះ លោក ដូណាល់ត្រាំ ក៏បានប្រកាសនូវដំណឹងល្អមួយចំនួនផងដែរ ដូចជាលទ្ធភាពនៃការបើកសាលារៀននិងសាកលវិទ្យាល័យឡើងវិញនៅក្នុងអំឡុងខែ សីហា ហើយអ្វីដែលជាដំណឹងល្អបំផុតនោះ គឺ លោក ដូណាល់ត្រាំ បានអះអាងថា អាមេរិកនឹងរកឃើញវ៉ាក់សាំងការពារមេរោគកូវីដ ១៩ នៅចុងឆ្នាំនេះផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១ ១៨៨ ១២២ ករណី ស្លាប់ ៦៨ ៥៩៨ ករណី និងជាសះស្បើយចំនួន ១ ១៥៤ ០១៤ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: