ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាំងហ្គាពួរសម្រេចប្រើថ្នាំអេបូឡា Remdesivir នៅក្នុងការតេស្ដសាកល្បងព្យាបាលវីរុសកូវីដ១៩ នៅប្រទេសខ្លួន

    BY autoadmin May 5, 2020
    សាំងហ្គាពួរសម្រេចប្រើថ្នាំអេបូឡា Remdesivir នៅក្នុងការតេស្ដសាកល្បងព្យាបាលវីរុសកូវីដ១៩ នៅប្រទេសខ្លួន

    ក្រុមវេជ្ជបណ្ឌិតនៅសាំងហ្គាពួរកំពុងប្រើថ្នាំ Remdesivir ដែលជាថ្នាំបង្កើតឡើងដំបូងសម្រាប់ជំងឺអេបូឡា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នៅទីនោះ ដែលជាផ្នែកមួយនៃការសាកល្បងព្យាបាល។ វេជ្ជបណ្ឌិត Shawn Vasoo ប្រធានគ្លីនិកនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) បានប្រាប់ CNA ថាមិនមានការព្យាបាលជាក់លាក់សម្រាប់វីរុស COVID-19 ទេ ហើយការព្យាបាលដោយប្រើ Remdesivir គឺស្ថិតក្នុងចំណោមថ្នាំដែលត្រូវបានសាកល្បង សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ។ កន្លងមក WHO ក៏ធ្លាប់បាននិយាយថា ថ្នាំ Remdesivir នេះ គឺជាថ្នាំដែលមានសក្ដានុពលជាងគេ រួមជាមួយនឹងថ្នាំសម្រាប់ជំងឺអេដស៍ ២ប្រភេទ ក៏ដូចជាថ្នាំគ្រុនចាញ់ Chloroquine និង Hydroxychloroquine ផងដែរ។

    Remdesivir ត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់​ ដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្រាប់ករណីធ្ងន់ធ្ងរនៃវីរុស​ COVID-19 ។ មួយថ្ងៃក្រោយមកប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងពិនិត្យឱ្យបានលឿននូវថ្នាំនេះ ដូច្នេះវាអាចត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ក្នុងរយៈពេលមួយសប្តាហ៍ទៀត។ NCID គឺជាផ្នែកមួយនៃក្រុមការងារដែលប្រកាសដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល Gan Kim Yong កាលពីខែមីនា ដែលពួកគេកំពុងពិនិត្យមើលថា តើថ្នាំព្យាបាលនិងវិធីព្យាបាលថ្មីអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺនេះយ៉ាងដូចម្តេច? ថ្នាំទាំងនេះរួមមានថ្នាំប្រឆាំងវីរុស ថ្នាំប្រឆាំងនឹងការរលាក ការព្យាបាលបែប Humoral ដូចជា៖ ប្លាស្មានិងជីវសាស្រ្ត និងវ៉ាក់សាំង។ បន្ទាប់មកក្រុមនេះនឹងផ្តល់នូវការវាយតម្លៃយ៉ាងល្អិតល្អន់លើការព្យាបាលដែលបានស្នើសុំ និងដោះស្រាយសំណួរណាមួយអំពីរបៀបព្យាបាល ឬប្រតិកម្មមិនល្អ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: