ចំនួនកុមារនៅក្នុងប្រទេសជប៉ុន បានបន្ដធ្លាក់ចុះរយៈពេលជិត ៤០ឆ្នាំជាប់ៗគ្នា
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនកុមារនៅក្នុងប្រទេសបានធ្លាក់ចុះអស់រយៈពេល ៣៩ឆ្នាំ ជាប់ៗគ្នាមកនៅត្រឹមកម្រិតទាបមួយ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការថយចុះអត្រាកំណើតក៏ដោយ។ យោងតាមក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍បានឱ្យដឹងថា ចំនួនកុមារអាយុ ១៤ឆ្នាំ ឬតិចជាងនេះ មានចំនួន ១៥.១២ លាននាក់ គិតត្រឹមថ្ងៃទី០១ ខែមេសា ពោលគឺធ្លាក់ចុះ ២០០,០០០នាក់ ពីឆ្នាំមុន និងជាតួលេខទាបបំផុត ចាប់តាំងពីទិន្នន័យប្រៀបធៀបបានបង្កើតនៅក្នុងឆ្នាំ១៩៥០។

របាយការណ៍បង្ហាញថា ចំនួនកុមារនិងប្រជាជនសរុប បានធ្លាក់ចុះអស់រយៈពេល ៤៦ឆ្នាំជាប់ៗគ្នា ពោលគឺធ្លាក់ចុះ ១២% ទាបជាងកូរ៉េខាងត្បូងដែលមាន ១២.៤% និងទាបបំផុតក្នុងចំណោមប្រទេសចំនួន ៣២ ដែលមានប្រជាជន ៤០ លាននាក់ ឬច្រើនជាងនេះ។ ប៉ុន្តែយ៉ាងណាអ្នកមានអាយុច្រើនចាប់ពី ៦៥ឆ្នាំ នៅក្នុងប្រទេសនេះមានភាគរយខ្ពស់រហូតដល់ទៅ ២៨.៦% ដែលធ្វើឱ្យប្រទេសនេះក្លាយជាសង្គមសក់សសម្បូរមនុស្សចាស់។ តួលេខកុមារនៅជប៉ុនធ្លាប់បានកើនខ្ពស់បំផុតក្នុងឆ្នាំ១៩៥៤ ដោយមាន ២៩.៨៩ លាននាក់ និងឆ្នាំ១៩៧០ ក៏មានការកើនឡើងបន្ដិចដែរ ប៉ុន្តែរហូតដល់ឆ្នាំ១៩៨២ មានការថយចុះជាប់ៗគ្នារៀងមក។
ចំពោះបញ្ហានេះនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ បានសន្យាដោះស្រាយការថយចុះនិងភាពចាស់របស់ប្រជាជន ដោយការអនុវត្តវិធានការណ៍ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រីនៅក្នុងសង្គម និងបង្កើនចំនួនកន្លែងថែទាំពេលថ្ងៃឱ្យស្ដ្រីមានពេលវេលាគ្រប់គ្រាន់។ ប៉ុន្តែយ៉ាងណាការខិតខំប្រឹងប្រែងរបស់គាត់មិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ។ រដ្ឋាភិបាលបានកំណត់គោលដៅលើកកម្ពស់អត្រានៃការមានកូនសរុបជាមធ្យមដល់ចំនួន ១.៨ នាក់ នៅចុងឆ្នាំ២០២៥ ដែលប្ដូរពី ១.៤២ ក្នុងឆ្នាំ២០១៨៕


អត្ថបទ៖ លីដា
ប្រភព៖ Mainichi