គួរឲ្យគោរពមែន! ២នាក់បងប្អូនសុខចិត្តលក់ដីបានលុយរាប់ម៉ឺនដុល្លារជួយជនក្រីក្រ ៣ ពាន់គ្រួសារ ដែលជួបវិបត្តិ ដោយសារកូវីដ-១៩
ឥណ្ឌា៖ ខណៈដែលប្រជាពលរដ្ឋជាច្រើនកំពុងតែមានវិបត្តិសេដ្ឋកិច្ចបង្កឡើង ដោយសាតែរាតត្បាតនៃជំងឺកូវីដ ១៩នោះ បុរសជនជាតិឥណ្ឌា ២ នាក់បងប្អូនបានសម្រេចលក់ដីមួយកន្លែង ដើម្បីយកប្រាក់ចំនួន ៣៣ ០០០ ដុល្លារអាមេរិកទៅជួយជនក្រីក្រជាង ៣ ០០០ គ្រួសារនៅក្នុងសហគមន៍របស់ពួកគាត់។ បុរសចិត្តធម៌ទាំង ២រូបនេះមានឈ្មោះ Tajammul Pasha អាយុ ៤០ ឆ្នាំ និង Muzammil Pasha អាយុ ៣២ ឆ្នាំ កំពុងរស់នៅក្នុងសហគមន៍ Kolar រដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ពួកគាត់ជាក្មេងកំព្រាឪពុកម្តាយតាំងពីក្មេងម្លេះ តែបើទោះជាយ៉ាងនេះក្តីពួកគាត់បានប្រឹងប្រែងតស៊ូនៅក្នុងជីវិតយ៉ាងខ្លាំងរហូតមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រពន្ធកូនរបស់ពួកគាត់រៀងៗខ្លួន និងសល់ប្រាក់មួយចំនួនសម្រាប់ជួយអ្នកក្រីក្រទៀតផង។

បើតាមសារព័ត៌មាន nextshark បានឲ្យដឹងថា លោក Tajammul Pasha និង លោក Muzammil Pasha គឺជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ និងជាអ្នករកស៊ីដាំចេកលក់ទ្រង់ទ្រាយធំផងដែរ។ ប្រភពខាងលើបានបន្តថា ព្រោះតែពួកគាត់ធ្លាប់ឆ្លងកាត់ជីវិតជាអ្នកក្រទើបពួកគាត់ដឹងពីទុកលំបាករបស់អ្នកក្រនិងមានចិត្តចង់ជួយអ្នកក្រដូចនេះ ហើយអ្វីដែជាការឧបត្ថម្ភរបស់ពួកគាត់ទៅកាន់ប្រជាបលរដ្ឋក្រីក្រនោះមានដូចជា អង្ករ ម្សៅ ប្រេង ស្ករ អាហារមួយចំនួន ម៉ាស់ និង ទឹកលាងដៃ។ លោក Tajammul Pasha និង លោក Muzammil Pasha បានអះអាងថា ពួកគាត់នឹងបន្តជួយពលរដ្ឋក្រីក្របន្ថែមទៀតនៅពេលខាងមុខទៅតាមលទ្ធភាពជាក់ស្តែងរបស់ពួកគាត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark