ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកអះអាងថា គ្មានភស្តុតាងបង្ហាញថាមេរោគកូវីដ ១៩ បានធ្លាយចេញពីមន្ទីរពិសោធន៍ចិនដូចការចោទប្រកាន់របស់អាមេរិកនោះទេ

    BY autoadmin May 5, 2020
    អង្គការសុខភាពពិភពលោកអះអាងថា គ្មានភស្តុតាងបង្ហាញថាមេរោគកូវីដ ១៩ បានធ្លាយចេញពីមន្ទីរពិសោធន៍ចិនដូចការចោទប្រកាន់របស់អាមេរិកនោះទេ

    អង្គការសុខភាពពិភពលោកបានលើកឡើងថា អាមេរិកគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់ថា មេរោគកូវីដ ១៩ មានប្រភពចេញមកពីមន្ទីរពិសោធន៍ក្រុងវូហានប្រទេសចិន ដូចការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ នោះទេ។ គួរម្លឹកជូនថា កន្លងមកអាមេរិកធ្លាប់បានចោទប្រកាន់ចំៗថា ចិនជាអ្នកធ្វើឲ្យបែកធ្លាយមេរោគកូវីដ ១៩ ហើយអាមេរិកធ្លាប់ទាំងបានហៅមេរោគនេះថាជា មេរោគចិនទៀតផង ខណៈដែលអាមេរិកជំរុញឲ្យចិនជាអ្នកទទួលខុសត្រូវក្នុងវិបត្តិគ្រប់បែបយ៉ាងដែលបង្កឡើងដោយមេរោគមួយនេះ។

    បើទោះជាយ៉ាងនេះក្តី លោក Michael Ryan នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានអះអាងថា គិតមកទល់នឹងពេលនេះយើងគ្មានទិន្នន័យ ឬភស្តុតាងជាក់លាក់ណាមួយដែលបង្ហាញថា មេរោគកូវីដ ១៩ ពិតជាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិននោះទេ ដូចនេះការចោទប្រកាន់ខាងលើនេះគឺគ្រាន់តែជាការប៉ានស្មានប៉ុណ្ណោះ។ លោកបានបន្តថា អ្វីដែលគេអាចអះអាងបានមកទល់នឹងពេលនេះគឺមេរោគកូវីដ ១៩ មានប្រភពចេញមកពីផ្សារលក់សាច់សត្វព្រៃនៅក្នុងក្រុងវូហានប្រទេសចិន និងមានប្រភពចម្លងចេញពីសត្វមកមនុស្សតាមបែបធម្មជាតិ តែមិនមែនជាស្នាដៃរបស់មនុស្សឡើយ។ តំណាងរបស់អង្គការសុខភាពពិភពលោករូបនេះបានបន្តថា ប្រសិនបើអាមេរិកមានភស្តុតាងគាំទ្រការចោទប្រកាន់របស់ខ្លួនមែន អាមេរិកគួរតែបង្ហាញជាសាធារណៈមិនមែនលាក់ទុកហើយធ្វើការចោទប្រកាន់ត្រឹមតែពាក្យសំដីដូចនេះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: