ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Nike នឹងបរិច្ចាគស្បែកជើងពិសេសចំនួន ៣២,៥០០ សម្រាប់ ដើម្បីជូនទៅបុគ្គលិកពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធនឹងវីរុសកូវីដ១៩

    BY autoadmin May 5, 2020
    ក្រុមហ៊ុន Nike នឹងបរិច្ចាគស្បែកជើងពិសេសចំនួន ៣២,៥០០ សម្រាប់ ដើម្បីជូនទៅបុគ្គលិកពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធនឹងវីរុសកូវីដ១៩

    ក្រុមហ៊ុនយក្ស Nike នឹងបរិច្ចាគស្បែកជើងរបស់ខ្លួនចំនួន ៣២,៥០០ សម្រាប់ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បុគ្គលិកពេទ្យ ដើម្បីជួយដល់បុគ្គលិកជួរមុខដែលកំពុងធ្វើការប្រយុទ្ធនឹង COVID-19 នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Nike នឹងចាប់ដៃគូជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ Good360 នៅសហរដ្ឋអាមេរិក និងអង្គការក្នុងស្រុកនៅទូទាំងទ្វីបអឺរ៉ុប​ ដើម្បីឱ្យបុគ្គលិកនៅតាមមន្ទីរពេទ្យក្នុងទីក្រុងបាសេឡូណា ឈីកាហ្គោ ឡាក់ដាល ក្រុងឡុង ឡូសអាន់ជឺឡេស មេមភីស មីឡាន ញូវយ៉ក និងប៉ារីស ទទួលបានស្បែកជើងទាំងនេះ ដែលជាធម្មតាលក់ក្នុងតម្លៃ ១២០ដុល្លារអាមេរិក។ ស្បែកជើងនេះបានចេញវត្តមានកាលពីចុងឆ្នាំមុន ហើយត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់បុគ្គលិកពេទ្យ និងអ្នកវេជ្ជសាស្រ្ត ដែលមានភាពសកម្មច្រើន ហើយត្រូវចំណាយពេលរាប់ម៉ោងរាល់ថ្ងៃ។

    ការធ្វើតេស្តលើស្បែកជើង និងការយល់ដឹងពីបុគ្គលិកពេទ្យ ធ្លាប់បានធ្វើឡើងនៅឯមន្ទីរពេទ្យកុមារ OHSU Doernbecher ដែលមានទីតាំងស្ថិតក្នុងទីក្រុង Portland រដ្ឋ Oregon ។ ក្នុងអំឡុងពេលវគ្គសិក្សាអ្នករចនាបានរៀនសូត្រយ៉ាងម៉ត់ចត់ អំពីកិច្ចខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់បុគ្គលិកថែទាំសុខភាព ដោយបានដឹងថាពេទ្យអាចនឹងដើរសរុបចម្ងាយប្រហែល ៤ ទៅ ៥ ម៉ាយ (៨គីឡូមែត្រ) ហើយអង្គុយបានតិចជាងមួយម៉ោងក្នុងអំឡុងវេន ១២ម៉ោង របស់ពួកគេ ព្រោះការងារនេះតម្រូវឱ្យមានការដាក់ចិត្តកាយខ្ពស់។ ការរចនារបស់ស្បែកជើងនេះដោះស្រាយបញ្ហាប្រឈមទាំងនោះ ដោយភាពសាមញ្ញ និងងាយស្រួលរបស់វា។ ស្បែកជើងនេះងាយស្រួលក្នុងការពាក់និងដោះចេញ សមល្មម សាមញ្ញក្នុងការសម្អាត ហើយបាតនិងទ្រនាប់របស់វា ធ្វើឡើងដើម្បីគាំទ្រដល់បុគ្គលិកពេទ្យនិងអ្នកវេជ្ជសាស្រ្ត ដែលដើរទៅមករហូតរាល់ថ្ងៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Forbes

    Share This Post: