WHO ពិចារណាបើកបេសកកម្មស្វែងរកប្រភពនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសចិន
អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនកំពុងពិភាក្សាជាមួយប្រទេសចិនក្នុងការបញ្ជូនក្រុមបេសកកម្មថ្មីមួយទៅកាន់ប្រទេសនេះ ដើម្បីស៊ើបអង្កេតថាតើមេរោគ COVID-19 រាលដាលយ៉ាងដូចម្តេច? ហើយកន្លងមកសហរដ្ឋអាមេរិក និងចិនបានចោទគ្នាទៅវិញទៅមក ទាក់ទងនឹងប្រភពដើមនៃវីរុសនេះ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា វីរុសប្រហែលជាបានរាលដាលចេញពីបន្ទប់ពិសោធន៍មួយនៅទីក្រុងវូហានប្រទេសចិន។ ចំណែកទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះដោយនិយាយថា គ្មានភស្តុតាងសម្រាប់ការចោទប្រកាន់នេះទេ។

អ្នកដឹកនាំបច្ចេកទេសនៃកម្មវិធីសុខភាពបន្ទាន់អង្គការសុខភាពពិភពលោកលោកស្រី Maria Van Kerkhove បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា WHO មានការពិភាក្សាជាមួយភាគីចិនជុំវិញបេសកកម្មបន្ថែមទៀតដើម្បីពិនិត្យមើល «អ្វីដែលបានកើតឡើងនៅដើមដំបូង» ។ លោកស្រី Maria Van Kerkhove ក៏បានលើកឡើងពីរបាយការណ៍ថ្មីៗដែលថា មានអ្នកជំងឺរលាកសួតនៅប្រទេសបារាំង ដែលត្រូវបានគេយកសំណាកមកពិនិត្យកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានផ្ទុកវីរុស COVID-19 នេះ។ ប្រទេសបារាំងធ្លាប់បានរាយការណ៍ពីការឆ្លងដំបូងរបស់ខ្លួននៅថ្ងៃទី២៤ ខែមករា ហើយវាក៏ជាករណីដំបូងដែលត្រូវបានបញ្ជាក់នៅអឺរ៉ុបផងដែរ។
លោកស្រី Maria Van Kerkhove បាននិយាយថាអ្នកដែលឆ្លងវីរុស COVID-19 ប្រហែលជាបានធ្វើដំណើរពីទីក្រុងវូហាន ទៅកាន់ទីតាំងផ្សេងទៀតក្នុងខែធ្នូ ប៉ុន្តែបានបន្ថែមថា «ខ្ញុំមិនចង់ប៉ាន់ស្មានទេ»។ គាត់បាននិយាយថា វាជាការសំខាន់ណាស់ដែលត្រូវពិនិត្យបន្ថែមទៀតលើករណីនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK