ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាស្ត្រាចារ្យស្រាវជ្រាវវីរុសកូវីដ១៩ ម្នាក់ត្រូវបានគេធ្វើឃាតដល់ក្នុងផ្ទះ ហើយជនល្មើសសម្លាប់ខ្លួនឯងតាមក្រោយ

    BY autoadmin May 7, 2020
    សាស្ត្រាចារ្យស្រាវជ្រាវវីរុសកូវីដ១៩ ម្នាក់ត្រូវបានគេធ្វើឃាតដល់ក្នុងផ្ទះ ហើយជនល្មើសសម្លាប់ខ្លួនឯងតាមក្រោយ

    យោងតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថា សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Pittsburgh ដែលកំពុងសិក្សាស្រាវជ្រាវពីវីរុស COVID-19 ត្រូវគេធ្វើឃាតដោយបាញ់សម្លាប់កាលពីចុងសប្តាហ៍។ សាស្រ្ដាចារ្យដែលត្រូវបានគេស្គាល់ឈ្មោះថា Bing Liu ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់គាត់កាលពីថ្ងៃសៅរ៍ ដោយមានគ្រាប់កាំភ្លើងបាញ់ចំក្បាល កញ្ចឹងក ខ្លួន និងដៃជើង។ ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា មានបុរសទី២ មិនស្គាល់អត្តសញ្ញាណជាអ្នកធ្វើឃាតលោក Bing Liu ហើយបន្ទាប់មកទៀតក៏បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ត។

    ប៉ូលីសជឿជាក់ថា បុរសទាំង ២ បានស្គាល់គ្នា ប៉ុន្តែនិយាយថាគ្មានភស្តុតាងដែលថាលោក Liu ត្រូវគេសម្លាប់ដោយសារគាត់ជាជនជាតិចិនទេ។ សាកលវិទ្យាល័យ Pittsburgh បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាខ្លួន «មានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពដ៏សោកសៅរបស់លោក Bing Liu ដែលគាត់ជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញ និងទទួលការកោតសរសើរពីមិត្តរួមការងារនៅសាកលវិទ្យាល័យ Pittsburgh។ សូមសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់លោក Liu ក្នុងអំឡុងពេលដ៏ក្រៀមក្រំនេះ»។

    សហការីរបស់គាត់នៅនាយកដ្ឋានកុំព្យូទ័រនិងប្រព័ន្ធជីវសាស្រ្ត នៃសាកលវិទ្យាល័យ Pittsburgh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« លោក Bing Liu ជិតឈានដល់ការរកឃើញដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីរបៀបនៃការឆ្លងវីរុស SARS-CoV-2 (CIVD-19) និងមូលដ្ឋានកោសិកានៃផលវិបាកនៃវីរុសនេះ»។ សមាជិកសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Pittsburgh ពិពណ៌នាអំពីលោក Bing Liu ថាជាអ្នកស្រាវជ្រាវនិងជាអ្នកណែនាំដ៏ឆ្នើមម្នាក់ ហើយបានសន្យាថានឹងបញ្ចប់ការស្រាវជ្រាវបន្ដវេនពីលោក Bing Liu ដើម្បីគោរពដល់ឧត្តមភាពវិទ្យាសាស្រ្តរបស់គាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: