ស្រ្តីវ័យ ៣០ឆ្នាំម្នាក់សុខចិត្តរស់នៅក្នុងផ្ទះជាមួយសាកសពអស់៥ថ្ងៃ ព្រោះមិនចេះទូរស័ព្ទប្រាប់ប៉ូលិស
សិង្ហបុរី៖ សារព័ត៌មាន worldofbuzz បានរាយការណ៍ថា មានស្រ្តីជនជាងសិង្ហបុរីវ័យ ៣០ ឆ្នាំម្នាក់សុខចិត្តរស់នៅក្នុងផ្ទះជាមួយសាកសពអស់រយៈពេល ៥ ថ្ងៃ ព្រោះតែនាងមិនចេះទូរស័ព្ទប្រាប់ប៉ូលិស ឬរាយការណ៍ជូនអាជ្ញាធរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងក្រុង Yishun ភាគខាងជើងប្រទេសសិង្ហបុរី។ បើតាមប៉ូលិសសិង្ហបុរីបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះគឺជាស្រ្តីចំណាស់ម្នាក់អាយុ ៦០ ឆ្នាំ ហើយប៉ូលិសបានដឹងករណីនេះតាមរយៈការរាយការណ៍របស់ក្រុមអ្នកជិតខាងដែលរស់នៅម្ដុំផ្ទះកើតហេតុនោះ ក្រោយពួកគេបានធុំក្លិនស្អុយមនុស្សស្លាប់ចេញពីផ្ទះស្រ្តីរងគ្រោះ។

ពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានប្រទះឃើញសាកសពស្អុយរលួយ ដែលតាមការសន្និដ្ឋានគឺសាកពបានស្លាប់អស់រយៈពេល ៥ ថ្ងៃមកហើយ និងបានឃើញស្រ្តីម្នាក់ទៀតដែលជាកូនជនរងគ្រោះកំពុងសម្ងំខ្លាចសាកសពនៅក្នុងផ្ទះនោះដែរ តែមិនព្រមធ្វើសកម្មភាពអ្វីឡើយ។ ក្រោមការស៊ើបអង្កេតគេបានរកឃើញថា ស្រ្តីជាកូនអាយុ ៣០ឆ្នាំ គឺជាមនុស្សមានស្មារតីខុសប្រក្រតី មិនដែលចេញក្រៅផ្ទះ មិនដែលមានទំនាក់ទំនងជាមួយអ្នកដទៃ ទើបនាងមិនដឹងត្រូវធ្វើយ៉ាងម៉េចចំពោះសាកសព។ ដោយលែកការស្លាប់របស់ជនរងគ្រោះត្រូវបានក្រុមអ្នកជំនាញរកឃើញថា គឺបណ្តាលមកពីគាត់មានបញ្ហសុខភាពផ្ទាល់ខ្លួន តែមិនមែនជាករណីឃាតកម្ម ឬបង្កឡើងដោយមេរោគកូវីដ ១៩ នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz