តំបន់មួយនៅក្នុងទីក្រុងប៉ារីសចាប់ផ្ដើមចែកចាយម៉ាស់ FREE ខណៈប្រទេសបារាំងកំពុងចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បឹត
តំបន់ Issy-Les-Moulineaux នៅក្នុងទីក្រុងប៉ារីស បានចាប់ផ្តើមចែកចាយម៉ាស់មុខចំនួនជាង ៨០,០០០ ដល់ប្រជាជនទាំងអស់របស់ខ្លួនកាលពីថ្ងៃសៅរ៍។ នៅក្នុងការចែកចាយម៉ាស់នេះអ្នកស្រុកបានប្រមូលផ្ដុំគ្នានៅសាលកីឡា ដើម្បីបង្ហាញឯកសារចំនួនសមាជិកនៅក្នុងគ្រួសាររបស់ពួកគេ ហើយក្នុងម្នាក់នឹងទទួលបានម៉ាស់២។ ពួកគេត្រូវបានផ្តល់ពេលឱ្យ ១០នាទី ដើម្បីមកទទួលយកម៉ាស់របស់ពួកគេ ដែលជាប្រព័ន្ធថ្មីមួយបង្កើតឡើងដើម្បីលើកកម្ពស់ការរក្សាគម្លាត និងទប់ស្កាត់មិនឱ្យមានការតម្រង់ជួរជាប់គ្នា។

ការពាក់ម៉ាស់មុខនឹងចាំបាច់សម្រាប់ការដឹកជញ្ជូនសាធារណៈចាប់ពីថ្ងៃច័ន្ទនេះទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ខណៈពេលដែលប្រទេសបារាំងនឹងបន្ធូរបន្ថយការចាក់សោរ ដែលធ្លាប់បានដាក់តាំងពីពាក់កណ្តាលខែមីនា។ ជម្រាបដែរថាការឆ្លងវីរុស COVID-19 បានបង្កឱ្យមានរោគសញ្ញាស្រាល ឬមធ្យមសម្រាប់មនុស្សភាគច្រើន ប៉ុន្តែសម្រាប់អ្នកខ្លះជាពិសេសមនុស្សវ័យចំណាស់ និងមនុស្សដែលមានបញ្ហាសុខភាពស្រាប់ វាអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ Republic World