ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារកូវីដ ១៩ ធ្វើឲ្យបុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍ថៃត្រូវបង្ខំចិត្តទៅធ្វើការងារខុសវិជ្ជាជីវៈខ្លួន និងខុសចំណូលគ្នាដូចមេឃនិងដី

    BY autoadmin May 13, 2020
    ដោយសារកូវីដ ១៩ ធ្វើឲ្យបុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍ថៃត្រូវបង្ខំចិត្តទៅធ្វើការងារខុសវិជ្ជាជីវៈខ្លួន និងខុសចំណូលគ្នាដូចមេឃនិងដី

    ថៃ៖ វិបត្តិនៃជំងឺកូវីដ ១៩ បានរុញច្រានឲ្យវិស័យទេសចរណ៍នៅគ្រប់បណ្តាប្រទេសរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយបុគ្គលិក និងអ្នកធ្វើអាជីវកម្មដោយពឹងផ្អែកលើវិស័យមួយនេះត្រូវបង្ខំចិត្តប្តូរទៅធ្វើការងារខុសពីវិជ្ជាជីវៈរបស់ខ្លួន ដើម្បីអាចរកប្រាក់បានខ្លះទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាក់ស្តែងនៅក្នុងប្រទេសថៃ ដែលវិស័យទេសចរណ៍មានតម្លៃស្មើនឹង ១១% នៃចំណូលសរុបប្រចាំឆ្នាំរបស់ប្រទេសនោះ ពេលនេះវិស័យសំខាន់មួយនេះបានធ្លាក់ចុះយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើវិស័យមួយនេះមានការប្រែប្រួលមិនគួរឲ្យជឿដូចជា៖

    -លោក Kosit Rattanasopon អាយុ ៣៧ឆ្នាំ ប្រធានផ្នែកគ្រប់គ្រងអ្នកបម្រើការងារលើយន្តហោះ ត្រូវបង្ខំចិត្តមកធ្វើការងារជាអ្នកដឹកជញ្ជូនអាហារតាមម៉ូតូក្នុងក្រុងបាងកកជាមួយនឹងប្រាក់ចំណូលប្រមាណជា ១ ០០០ បាត (៣១.១៣ ដុល្លារ) ក្នុងមួយថ្ងៃ។

    -អ្នកស្រី Thawanan Thawornphatworakul អ្នកបម្រើការងារលើយន្តហោះជាន់ខ្ពស់ម្នាក់ត្រូវប្តូរការងារមកធ្វើជាជាងកាត់សក់ ដោយក្នុងមួយថ្ងៃមានអតិថិជន ២-៣ នាក់ប៉ុណ្ណោះ ខណៈការកាត់សក់ម្តងគាត់ទទួលបានប្រាក់ ១៥០ បាត (៤.៦៧ ដុល្លារអាមេរិក) ពីអតិថិជនម្នាក់។

    -លោក Sermsak Posayajinda គ្រូបង្វឹកមុជទឹកសម្រាប់ភ្ញៀវទេសចរណ៍ចង់មុជចូលទៅក្រោមបាតសមុទ្រត្រូវមកសម្ងំធ្វើទឹកម្ទេសលក់តាម Online ។

    -អ្នកស្រី Asaree Jarugosol  ធ្លាប់ជាអ្នកទទួលរៀបចំកម្មពិធីតូចធំនៅតាមសណ្ឋាគារដោយគាត់មានទាំងឆាក តុ កៅអីសម្រាប់ជួល និងទទួលរៀបចំអាហារគ្រប់ប្រភេទក្នុងកម្មពិធីត្រូវបង្ខំចិត្តមកបើកកន្លែងដេរម៉ាស់លក់វិញ ដែលប្រាក់ចំណូលគឺខុសគ្នាដូចមេឃនិងដី។

    -បុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍ជាច្រើនត្រូវបង្ខំចិត្តទៅធ្វើការងារផ្សេងៗដោយប្រើកម្លាំងបាយ ដូចជាការស៊ីឈ្មួលគេយកប្រាក់ប្រចាំថ្ងៃជាដើម។

    បើតាមក្រុមអ្នកជំនាញបានលើកឡើងថា ក្រុមពលរដ្ឋថៃដែលរស់នៅពឹងផ្អែកលើវិស័យទេសចរណ៍ដូចក្នុងប្រភេទខាងលើនេះ អាចប្រឈមនឹងការបាត់បង់ចំណូលនិងការងារជំនាញរបស់ខ្លួនជាង ១ ឆ្នាំទៅមុខទៀត ទម្រាំតែគេអាចរកវ៉ាក់សាំងការពារមេរោគកូវីដ ១៩ ឃើញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: