ជប៉ុនសម្រេចដកប្រទេសចេញពីភាពអាសន្នប្រហែល ៨០% ពីបណ្តាខេត្តនានារបស់ខ្លួនមុនពេលកំណត់
នាយករដ្ឋមន្រ្តីលោក ABE Shinzo បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តដកប្រទេសចេញស្ថានភាពអាសន្នសម្រាប់ខេត្តចំនួន ៣៩ និងនៅសល់តែខេត្តចំនួន ៨ ប៉ុណ្ណោះ ដែលស្ថិតក្រោមការដាក់គ្រាអាសន្ននេះ។ លោកនាយករដ្ឋមន្ដ្រីបាននិយាយថា រដ្ឋាភិបាលរបស់លោកក៏កំពុងនឹងពិចារណាលើការបន្ធូរបន្ថយ សម្រាប់ទីតាំងផ្សេងទៀតរួមមានទីក្រុងតូក្យូ និងអូសាកានៅដើមសប្តាហ៍ក្រោយនេះផងដែរ។ វាជាការបើកទ្វារមុនកាលកំណត់ ខណៈដែលស្ថានភាពអាសន្នបច្ចុប្បន្នគ្រោងនឹងចូលជាធរមានរហូតដល់ដំណាច់ខែ។ ថ្លែងក្នុងសន្និសីទកាសែតលោក ABE Shinzo បាននិយាយថា អ្នកជំនាញនិងមន្រ្តីរដ្ឋាភិបាលបានធ្វើការសម្រេចចិត្តដកភាពអាសន្ននេះ ដោយផ្អែកលើការវាយតម្លៃចំនួននៃការឆ្លងថ្មីៗ ក៏ដូចជាស្ថានភាពនៃប្រព័ន្ធវេជ្ជសាស្ត្រ និងការធ្វើតេស្តក្នុងស្រុក។

លោក ABE Shinzo បាននិយាយថា រដ្ឋាភិបាលអាចទប់ស្កាត់ការរីករាលដាលនៃការឆ្លងនៅក្នុងតំបន់ទាំង ៣៩ ក្នុងកម្រិតមួយដែលការផ្ទុះរាលដាលនឹងត្រូវរារាំង ដោយការដោះស្រាយជាមួយនឹងការឆ្លងជាចង្កោម។ លោកបានបន្តថា ការថយចុះចំនួនអ្នកឆ្លងថ្មីនៅក្នុងប្រទេសនេះ គឺជាលទ្ធផលនៃការខិតខំរបស់ប្រជាជនក្នុងការស្នាក់នៅ និងកាត់បន្ថយការប៉ះពាល់ពីមនុស្សទៅមនុស្ស។ ប៉ុន្តែលោកបាននិយាយថា កិច្ចប្រឹងប្រែងជាច្រើនត្រូវការរក្សាឱ្យមានជាប្រចាំ។ លោក ABE Shinzo បាននិយាយថា ត្រូវប្រយ័ត្នចំពោះលទ្ធភាពនៃការឆ្លងរាលដាលនៃរលកទី២។ ប្រសិនបើករណីឆ្លងមានការកើនឡើង រដ្ឋាភិបាលអាចត្រូវប្រកាសពីភាពអាសន្នម្តងទៀត។
លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ និងបានសន្យាថានឹងបង្កើនសមត្ថភាពការតេស្ត។ លោកបាននិយាយថា រដ្ឋាភិបាលក៏កំពុងពិនិត្យមើលដើម្បីធានាថា អ្នកជំងឺអាចទទួលបានជម្រើសព្យាបាលផ្សេងៗគ្នា។ លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលគ្រោងនឹងប្រមូលមូលនិធិបន្ទាន់បន្ថែមទៀត ដើម្បីការពារការងារ និងគាំទ្រក្រុមហ៊ុនដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK