ការសិក្សាមួយបង្ហាញថា ស្ត្រីដែលផឹកកាហ្វេពី ២ ទៅ ៣ពែង ក្នុងមួយថ្ងៃ មានជាតិខ្លាញ់ក្នុងខ្លួនតិចជាងអ្នកមិនផឹកសោះ
បើនិយាយទៅមនុស្សភាគច្រើនមិនថាជាស្ដ្រីឬបុរសនោះទេ ពួកគេតែងតែត្រូវការកាហ្វេដើម្បីចាប់ផ្ដើមថ្ងៃថ្មីដ៏ស្រស់បំព្រងមួយ។ យ៉ាងណាមិញនាពេលថ្មីៗនេះមានការសិក្សាថ្មីមួយដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Lee Smith មកពីសកលវិទ្យាល័យ Anglia Ruskin របស់ចក្រភពអង់គ្លេស ដែលសិក្សាផ្អែកលើមូលដ្ឋានទិន្នន័យនៅសហរដ្ឋអាមេរិក និងបានចុះផ្សាយក្នុងទិនានុប្បវត្តិអាហារូបត្ថម្ភ (The Journal of Nutrition) បានឱ្យដឹងថា កាហ្វេទំនងជាមានសមាសធាតុ Bioactive ក្រៅពីកាហ្វេអ៉ីន ដែលជាលទ្ធផលវាអាចគ្រប់គ្រងទម្ងន់ ហើយអាចត្រូវបានប្រើជាសមាសធាតុប្រឆាំងនឹងភាពធាត់។ នៅក្នុងការសិក្សានោះក៏បានរកឃើញថា ស្ត្រីដែលចូលចិត្តផឹកកាហ្វេពី ២ ទៅ ៣ពែង ក្នុងមួយថ្ងៃ មានជាតិខ្លាញ់ក្នុងខ្លួនតិចជាងអ្នកដែលផឹកកាហ្វេតិច ឬមិនផឹកទាល់តែសោះ។

គំរូនេះត្រូវបានគេមើលឃើញចំពោះស្ត្រីគ្រប់វ័យ ដោយមិនគិតពីកាហ្វេដែលមានជាតិកាហ្វេអ៉ីនច្រើន ឬកាហ្វេអ៉ីនតិចនោះទេ។ ស្ត្រីដែលមានអាយុចន្លោះពី ២០ ទៅ ៤៤ឆ្នាំ និងផឹកកាហ្វេពី ២ ទៅ ៣ពែង/ថ្ងៃ មានខ្លាញ់ក្បាលពោះតិចជាងអ្នកមិនផឹក ៣.៤% ហើយស្ត្រីដែលមានអាយុចន្លោះពី ៤៥ ទៅ ៦៩ឆ្នាំ ដែលផឹក ៤ពែង/ថ្ងៃ (ឬច្រើនជាងនេះ) មានជាតិខ្លាញ់ក្បាលពោះតិចជាងអ្នកមិនផឹក ៤.១%។ សរុបមកអ្នកវិទ្យាសាស្ត្រអង់គ្លេសបានរកឃើញថា ភាគរយខ្លាញ់រាងកាយជាមធ្យមពីគ្រប់កម្រិតអាយុនៃស្ត្រីដែលផឹកកាហ្វេពី ២ ទៅ ៣ពែង គឺទាបជាងអ្នកមិនផឹកកាហ្វេ ២.៨%។ កាហ្វេក៏ហាក់ដូចជាមានឥទ្ធិពលវិជ្ជមានលើបុរសផងដែរ ប៉ុន្តែភាពខុសគ្នាមិនសូវត្រូវបានសម្គាល់ទេ។ បុរសដែលមានអាយុចន្លោះពី ២០ ទៅ ៤៤ឆ្នាំ ដែលផឹកកាហ្វេលើសពី ២ពែង/ថ្ងៃ មានជាតិខ្លាញ់ក្នុងខ្លួនតិចជាងអ្នកមិនផឹកកាហ្វេ ១.៣% ហើយក្បាលពោះរបស់ពួកគេក៏មានតិចជាង ១.៨% ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail