WHO កំពុងស៊ើបអង្កេតរោគសញ្ញារលាកថ្មីមួយ ដែលកើតឡើងចំពោះកុមារយ៉ាងចម្លែក ហើយទំនងជាមានទាក់ទងជាមួយវីរុសកូវីដ១៩
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងសិក្សាពីទំនាក់ទំនងដែលអាចកើតមានរវាងជំងឺ COVID-19 និងជំងឺរលាកដ៏កម្រថ្មីមួយ ដែលបានធ្វើឱ្យកុមារឈឺនិងស្លាប់ នៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសជាច្រើនបានរាយការណ៍ថា កុមារតូចៗបានកើតជំងឺរលាកយ៉ាងចម្លែក ដែលមានរោគសញ្ញាស្រដៀងនឹងស្ថានភាពជំងឺ Kawasaki ។ លោក Tedros Adhanom បាននិយាយថា អង្គការសុខភាពពិភពលោកបានឱ្យនិយមន័យសម្រាប់ជំងឺនេះ ដោយវាត្រូវបានគេដាក់ឈ្មោះថា «រោគសញ្ញាជំងឺរលាកពហុប្រព័ន្ធលើកុមារ»។

WHO បានអំពាវនាវដល់គ្លីនិកនៅទូទាំងពិភពលោក ឱ្យមានការប្រុងប្រយ័ត្ននិងយល់ច្បាស់ពីរោគសញ្ញានេះ។ លោក Tedros បានដាស់តឿនពីបញ្ហារលាកថ្មីនេះ ដោយសារមានករណីកុមារម្នាក់អាយុ ៩ឆ្នាំ នៅឯប្រទេសបារាំង បានស្លាប់ដោយសារជំងឺរលាកនេះ ហើយករណីស្រដៀងគ្នានេះក៏ត្រូវបានរាយការណ៍ពីទីក្រុងឡុង និងញូវយ៉កផងដែរ។ ក្នុងនោះមន្ទីរពេទ្យកុមារនៅទីក្រុងឡុងរបស់អង់គ្លេស កាលពីថ្ងៃពុធបាននិយាយថា មានក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ និងគ្មានជំងឺជាប់ខ្លួនសោះបានស្លាប់ដោយសារជំងឺនេះ ប៉ុន្តែក្មេងនោះបានតេស្ដវិជ្ជមានជាមួយវីរុស COVID-19។
ចំណែកនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក អភិបាលក្រុងលោក Andrew Cuomo បាននិយាយកាលពីថ្ងៃអង្គារថា មានកុមារ ៣នាក់ នៅក្នុងរដ្ឋបានស្លាប់ ហើយច្រើនជាង ១០០ ករណី កំពុងត្រូវបានស៊ើបអង្កេត។
ទីភ្នាក់ងារសុខភាពសាធារណៈប្រទេសបារាំងក៏បានរបាយការណ៍ករណីចំនួន ១២៥ នៅចន្លោះពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១២ ខែឧសភា ហើយអាយុរបស់អ្នកជំងឺគឺចាប់ពីអាយុ ១ឆ្នាំ ដល់ ១៤ឆ្នាំ៕
![]()

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera