ក្រុមហ៊ុនមួយរបស់កូឡុំប៊ីបានផលិតគ្រែម៉្យាងមានមុខងារ២ ដែលអាចជាគ្រែផង និងជាមឈូសផង
កូឡុំប៊ី៖ នៅក្នុងទីក្រុង Bogotá នាអំឡុងពេលមានវិបត្តិសុខភាពដោយសារវីរុស COVID-19 ក្រុមហ៊ុន ABC Displays បានចាប់ផ្តើមផលិតគ្រែធ្វើពីក្រដាសកាតុង ដែលមានមុខងារ ២ គឺធ្វើជាគ្រែអ្នកជំងឺផង អាចបំលែងទៅជាមឈូសដាក់សាកសពផង។ គ្រែទាំងនេះត្រូវបានធ្វើពីក្រដាសកាតុង ដែលមានទំហំប៉ុនធ្នើ តម្លៃប្រហែល ៨៥ដុល្លារអាមេរិក និងមានទម្ងន់ស្រាលអាចទ្រទ្រង់បានយ៉ាងតិច ១៥០ គីឡូ និងមានអាយុកាល ១ឆ្នាំកន្លះ។ គំនិតរបស់គ្រែពហុមុខងារនេះ មិនទាន់ធ្វើឱ្យគ្រូពេទ្យចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះពួកគេនៅស្ទាក់ស្ទើរថាក្រដាសកាតុងបែបនេះអាចរឹងមាំយ៉ាងដូចម្តេច?

ក្រុមហ៊ុន ABC Displays បានសហការជាមួយគ្លីនិកឯកជន ដើម្បីអាចបម្រើសេចក្ដីត្រូវការរបស់មន្ទីរពេទ្យដែលមានការខ្វះគ្រែ។ ក្រុមហ៊ុន ABC Displays ក៏បានចាប់ផ្ដើមផ្ដល់គ្រែមួយចំនួនទៅដល់មន្ទីរពេទ្យដែលខ្វះខាត ដែលនេះជាការរួមចំណែកមួយសម្រាប់គ្រួសារសពដែលគ្មានសមត្ថភាពទិញមឈូសដោយខ្លួនឯងបាន។ គួរឱ្យដឹងដែរថា កូឡុំប៊ីមានករណីនៃវីរុស COVID-19 ចំនួនជាង ១៤,០០០នាក់ និងស្លាប់ជាង ៥០០នាក់ ខណៈមានអ្នកជំងឺជាង ១០,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Worldometers៕






អត្ថបទ៖ លីដា
ប្រភព៖ Bluradio