ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងហូជីមិញរបស់វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងមានបញ្ហាទឹកជំនន់ធ្ងន់ធ្ងរនៅឆ្នាំ ២០៥០

    BY autoadmin May 18, 2020
    ទីក្រុងហូជីមិញរបស់វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងមានបញ្ហាទឹកជំនន់ធ្ងន់ធ្ងរនៅឆ្នាំ ២០៥០

    វៀតណាម៖ យោងតាមការសិក្សារបស់វិទ្យាស្ថាន McKinsey Global Institute បានព្រមានថា ទីក្រុងដ៏ធំបំផុតរបស់ប្រទេសវៀតណាមគឺទីក្រុងហូជីមិញអាចប្រឈមនឹងកើតមានបញ្ហាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅពេលអនាគត ដែលគ្រោះធម្មជាតិនោះនឹងធ្វើឲ្យក្រុងហូជីមិញត្រូវខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost

    របាយការណ៍របស់វិទ្យាស្ថានខាងលើបានបញ្ជាក់ថា បញ្ហាទឹកជំនន់អាចនឹងកើតមាននៅក្នុងអំឡុងឆ្នាំ ២០៥០ នេះបើយោងតាមការវិភាគទៅលើកត្តាជលសាស្ត្រ ផែនទីនៃការប្រើប្រាស់ផ្ទៃដីក្នុងទីក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងកត្តាមូលដ្ឋានភូមិសាស្រ្តរបស់ទីក្រុងហូជីមិញទាំងមូលតែម្តង។ តាមការព្យាករណ៍បញ្ហាទឹកជំនន់នឹងធ្វើឲ្យវៀតណាមត្រូវខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារ ក្នុងនោះគ្រាន់តែវិស័យអចនទ្រព្យតែមួយអាចខាតបង់ប្រាក់ ៨,៤ ពាន់លានដុល្លារអាមេរិកទៅហើយ។

    យ៉ាងណាក្តី វិទ្យាស្ថាន McKinsey Global Institute បានអះអាងថា វៀតណាមនៅមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំផែនការសំខាន់ៗជាច្រើន ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាទឹកជំនន់ ជាពិសេសគឺកាត់បន្ថយផលប៉ះពាល់ឲ្យបានច្រើនបំផុត។ សូមបញ្ជាក់ថា ទីក្រុងហូជីមិញគឺជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាមដោយក្រុងមួយនេះអាចផ្តល់ប្រាក់ចំណូលប្រចាំឆ្នាំដល់វៀតណាមប្រមាណជា ២៥% នៃប្រាក់ចំណូលប្រចាំឆ្នាំសរុបឯណោះ។ សម្រាប់អ្នកវិភាគសេដ្ឋកិច្ចវិញធ្លាប់បានលើកឡើងថា នៅក្នុងឆ្នាំ ២០៥០ វៀតណាមអាចនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២០ នៅលើពិភពលោកផងដែរ បើផ្អែកលើកំណើតសេដ្ឋកិច្ចប្រចាំឆ្នាំវៀតណាម តែការលើកឡើងនេះនៅមិនទាន់បានគិតដល់បញ្ហាទឹកជំនន់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: