ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងមួយនៅអាមេរិករៀបចំតង់ជាច្រើនឲ្យជនអនាថាស្នាក់នៅបណ្តោះអាសន្នអំឡុងពេលមានវិបត្តិជំងឺកូវីដ ១៩

    BY autoadmin May 18, 2020
    ទីក្រុងមួយនៅអាមេរិករៀបចំតង់ជាច្រើនឲ្យជនអនាថាស្នាក់នៅបណ្តោះអាសន្នអំឡុងពេលមានវិបត្តិជំងឺកូវីដ ១៩

    សហរដ្ឋអាមេរិក៖ អភិបាលនៃគណៈអភិបាលក្រុងសេនហ្វ្រេនស៊ីស្កូ ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសម្រេចបើកកន្លែងបោះតង់ជាលើកដំបូង ដើម្បីទទួលយកជនគ្មានផ្ទះសម្បែង និងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិនៃមេរោគកូវីដ ១៩ ឲ្យមកស្នាក់ដោយមិនគិតថ្លៃ។ កន្លែងបោះតង់នេះត្រូវបានរៀបចំឡើងនៅក្នុងសួនសាធារណៈមួយកន្លែង ដែលនៅក្បែរអគារសាលាក្រុងសេនហ្វ្រេនស៊ីស្កូតែម្តង។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail  បានឲ្យដឹងថា តង់ដែលបានរៀបចំនោះមានចំនួន ៥០ តង់ និងត្រូវបានដាក់ឲ្យនៅដាច់ៗពីគ្នាស្របតាមស្តង់ដាគំលាតសុវត្ថិភាពផងដែរ។ យ៉ាងណាក្តី ការរៀបចំតង់នេះគឺសម្រាប់ឲ្យអ្នកគ្មានផ្ទះសម្បែងស្នាក់នៅជាលក្ខណៈបណ្ដោះអាសន្ន ពោលគឺស្នាក់នៅក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩ តែណ្ណោះ ហើយក្រោយពេលមេរោគកូវីដ ១៩ រលាយបាត់ទៅវិញគេនឹងប្រើប្រាស់កន្លែងនេះឲ្យក្លាយទៅជាសួនសាធារណៈធម្មតាវិញផងដែរ។

    បើតាមអ្នកនាំពាក្យរបស់សាលាក្រុងហ្វ្រេនស៊ីស្កូបានឲ្យដឹងថា ការសម្រេចរៀបចំកន្លែងបោះតង់នេះគឺដើម្បីជួយការពារក្រុមពលរដ្ឋដែលគ្មានផ្ទះសម្បែងពីការឆ្លងមេរោគកូវីដ ១៩ និងដើម្បីទប់ស្កាត់ការចម្លងមេរោគពីពួកគេទៅកាន់ពលរដ្ឋផ្សេងទៀតផងដែរ ព្រោះក្រុមពលរដ្ឋទាំងនេះតែងធ្វើដំណើរគ្រប់ទីកន្លែងដើម្បីស្វែងរកអាហារហូប។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះសហរដ្ឋអាមេរិកទាំងមូលមានអ្នកឆ្លងមេរោគកូវីដ ១៩​ សរុបចំនួន ១,៥២៧,៦៦៤ ករណី និង ស្លាប់ចំនួន ៩០,៩៧៨ ករណី ហើយក្នុងនោះគ្រាន់តែនៅរដ្ឋកាលីហ្វ័រញ៉ាមួយ មានករណីឆ្លងចំនួន ៨០,២៦៥ ករណី និងស្លាប់ចំនួន ៣,២៨៩ ករណីផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: