អ៉ីតាលីចាប់ផ្ដើមបើកទ្វារប្រទេសឡើងវិញ បន្ទាប់ពីបានបិទទ្វាររយៈពេលជាង២ខែ ទប់ទល់នឹងវីរុសកូវីដ១៩
អាជីវកម្មនៅក្នុងប្រទេសអ៉ីតាលីរួមទាំងហាង និងភោជនីយដ្ឋាននានា កំពុងចាប់ផ្ដើមបើកដំណើរការឡើងវិញបន្ទាប់ពីការបិទទ្វារទប់ទល់នឹងវីរុស COVID-19 អស់រយៈពេលជាង២ខែ។ រដ្ឋាភិបាលអ៉ីតាលីបានបន្ធូរបន្ថយលើការរឹតត្បិតកម្រិតធ្ងន់កាលពីថ្ងៃច័ន្ទ នៅពេលដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ប្រទេសនេះធ្លាក់ចុះក្រោម ១០០នាក់ ជាលើកដំបូងបំផុតចាប់តាំងពីដើមខែមីនា។ ប្រទេសអ៉ីតាលីតាំងពីមានការរាតត្បាតពីវីរុស COVID-19 បានរាយការណ៍ពីការស្លាប់ជាង ៣២ ០០០ នាក់ ហើយឥឡូវនេះរដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាជនផ្លាស់ទីលំនៅដោយសេរីនៅក្នុងខេត្តរបស់ពួកគេ និងអាជីវកម្មជាច្រើនអាចបើកដំណើរការឡើងវិញ។

ភោជនីយដ្ឋានមួយនៅរដ្ឋធានីរ៉ូមបានបើកទ្វាររបស់ខ្លួនសារជាថ្មី បន្ទាប់ពីមានការបាញ់សម្លាប់មេរោគ ហើយការរៀបចំតុអង្គុយគឺត្រូវនៅឆ្ងាយពីគ្នាជាងមួយម៉ែត្រ។ ក្នុងពេលបើកទ្វារដំបូងនេះភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យទទួលយកតែអតិថិជនដែលបានកក់តុជាមុនប៉ុណ្ណោះ ក្រៅពីការខ្ចប់អាហារទៅផ្ទះ។ ហាងនិងសាឡនក៏ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ប៉ុន្តែត្រូវមានលក្ខខណ្ឌដើម្បីបង្ការការឆ្លង។ ប៉ុន្តែវាទំនងជាមានតែ ៦០% នៃអាជីវកម្មរបស់ប្រទេសនេះ ដែលបានចាប់ផ្ដើមបើកដំណើរការឡើងវិញកាលពីថ្ងៃច័ន្ទ។
នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte មានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ដោយមិនបង្កឱ្យមានការឆ្លងរាលដាលនៃរលកទីពីរ។ លោកនាយករដ្ឋមន្រ្តីគ្រោងនឹងបើកប្រទេសនេះឡើងវិញសម្រាប់ភ្ញៀវទេសចរមកពីប្រទេសអ៊ឺរ៉ុបផ្សេងទៀតនៅថ្ងៃទី០៣ ខែមិថុនា ខាងមុខនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK