ប្រេស៊ីលហក់ឡើងដល់លេខ៣ ក្លាយជាប្រទេសដែលមានករណីកូវីដ១៩ ច្រើនបំផុតក្នុងពិភពលោក
ប្រទេសប្រេស៊ីលមានករណីវីរុស COVID-19 ច្រើនបំផុតលំដាប់ទី៣ ក្នុងពិភពលោក នេះបើយោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដែលវាជាការកើនឡើងគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសមួយនេះ។ ជាមួយនឹងករណីសរុបចំនួន ២៥៤ ២២០ ដែលត្រូវបានបញ្ជាក់ ប្រទេសប្រេស៊ីលបានវ៉ាដាច់ចក្រភពអង់គ្លេស អេស្បាញ និងអ៉ីតាលី ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ហើយដេញពីក្រោយតែសហរដ្ឋអាមេរិក ដែលមានករណីចំនួន ១.៥ លាននាក់ និងប្រទេសរុស្ស៊ីចំនួន ២៩០ ០០០នាក់។

ប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19 ចំនួន ១៦ ៧៩២ នាក់ ដែលជាចំនួនខ្ពស់បំផុតទី០៦ ក្នុងពិភពលោក។ ប៉ុន្តែអ្នកជំនាញនិយាយថាការធ្វើតេស្តមិនទាន់បានគ្រប់ជ្រុងជ្រោយ ដូច្នេះតួលេខពិតអាចខ្ពស់ជាង ១៥ ដង ឬលើសពីនេះ។ យ៉ាងណាក៏ដោយប្រទេសនេះហាក់មិនមានភាពល្អប្រសើរជាមួយរឿងផ្ទៃក្នុងនោះទេ ដោយប្រធានាធិបតីលោក Jair Bolsonaro បានជំរុញឱ្យប្រជាជនទៅធ្វើការវិញកុំឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ច។ ផ្ទុយទៅវិញអាជ្ញាធររដ្ឋនិងអាជ្ញាធរមូលដ្ឋានក៏កំពុងអំពាវនាវឱ្យពលរដ្ឋស្នាក់នៅផ្ទះ និងអនុវត្តការគម្លាត ដែលគាំទ្រដោយតុលាការកំពូលក្នុងប្រទេស៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍