ទុក្ខជាន់ទុក្ខ! វីរុសកូវីដ១៩មិនទាន់ស្បើយផង ថ្មីៗនេះចិនជួបគ្រោះរញ្ជួយដីថែមទៀត សម្លាប់មនុស្ស ៤នាក់ និង២៣នាក់រងរបួសធ្ងន់
ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីមួយក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន ដែលហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអង្គារ ទី ១៩ នេះ។ បើយោងតាមាការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥.០ វ៉ិចទ័រ និងបានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្រុង Zhaotong ដែលក្រុងធំជាងគេនៅក្នុងខេត្ត Yunnan និងមានប្រជាពលរដ្ឋប្រមាណជា ៦ លាននាក់កំពុងរស់នៅ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីមានអ្នកស្លាប់ចំនួន ៤ នាក់ គេក៏អាចបានរកឃើញមនុស្សចំនួន ២៣ ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។ ភ្លាមៗក្រោយកើតមានគ្រោះធម្មជាតិមួយនេះគេនៅមិនទាន់អាចវាយតម្លៃបានទេថា ការខូចខាតមានទំហំជាទឹកប្រាក់ប៉ុណ្ណានោះ តែអ្វីដែលគេបានឃើញជាក់ស្តែងនោះគឺមានអគារ និងផ្ទះសម្បែងមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានដួលរលំ។ រហូតមកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ចំនួន ៦០០ នាក់ត្រូវបានអាជ្ញាធរចិនបញ្ជូនទៅកាន់តំបន់កើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍និងស្វែងរកជនរងគ្រោះជាបន្តទៀតក្រែងមានអ្នកនៅក្រោមគំនរបាក់បែងផ្សេងៗ៕


អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia