រដ្ឋមន្ដ្រីសុខាភិបាលជប៉ុននិយាយថា WHO គួរតែផ្ទៀងផ្ទាត់រកប្រភពដើមនៃវីរុសកូវីដ១៩
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក KATO Katsunobu បានសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកគួរតែផ្តល់នូវការវាយតម្លៃ “មិនលំអៀង” និង “ឯករាជ្យ” ដើម្បីពិនិត្យការឆ្លើយតបរបស់ខ្លួនឡើងវិញ និងកំណត់អត្តសញ្ញាណប្រភពវីរុសនិងរបៀបឆ្លងរបស់វា។ លោករដ្ឋមន្ដ្រីបានថ្លែងបែបនេះអំឡុងពេលដែលគាត់បានពន្យល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនជុំវិញបញ្ហាវីរុស COVID-19 នៅឯសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលត្រូវធ្វើការឆ្លើយឆ្លងតាមរយៈវីដេអូ។

លោក KATO Katsunobu បាននិយាយថា ចាប់ពីពេលនេះតទៅជប៉ុនជឿជាក់ថា វានឹងមានសារៈសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តរឹងមាំ ពង្រឹងការតេស្ដនិងប្រព័ន្ធថែទាំសុខភាព និងអភិវឌ្ឍនិងផ្គត់ផ្គង់ថ្នាំព្យាបាល ក៏ដូចជាការចាក់វ៉ាក់សាំង។ លោក KATO Katsunobu បានបង្ហើបថា ប្រទេសជប៉ុននឹងផ្តល់ថវិកាសរុបប្រមាណ ២៨០ លានដុល្លារ ដល់អង្គការសុខភាពពិភពលោក និងអង្គការពាក់ព័ន្ធដើម្បីដោះស្រាយការរាតត្បាតនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះក៏បានរំលឹកពីកោះតៃវ៉ាន់ ដែលមិនត្រូវបានគេអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំនោះ ដោយនិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មាននិងចំណេះដឹង ពីជុំវិញពិភពលោកនិងតំបន់នានា ដូចជាកោះតៃវ៉ាន់ ដែលវីរុស COVID-19 ត្រូវបានដោះស្រាយដោយជោគជ័យ។ លោក KATO Katsunobu បាននិយាយថា៖«យើងមិនគួរចោលភូមិសាស្ត្រណាមួយ នៅក្នុងការដោះស្រាយបញ្ហាសុខភាពពិភពលោកនោះទេ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK