ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់ពលរដ្ឋនៅចិនចំនួន ២៥លាននាក់ បានជាប់គាំងក្រោមការបិទទ្វារជាថ្មី ក្រោយមានករណីកូវីដ១៩ ផ្ទុះឡើងនៅខេត្តជាប់ព្រំដែនប្រទេសរុស្ស៊ី

    BY autoadmin May 20, 2020
    យ៉ាងហោចណាស់ពលរដ្ឋនៅចិនចំនួន ២៥លាននាក់ បានជាប់គាំងក្រោមការបិទទ្វារជាថ្មី ក្រោយមានករណីកូវីដ១៩ ផ្ទុះឡើងនៅខេត្តជាប់ព្រំដែនប្រទេសរុស្ស៊ី

    ប្រទេសចិនបានដាក់ចេញវិធានការនៃការបិទទ្វារម្ដងទៀតលើខេត្តមួយចំនួននៅភាគឦសាន បន្ទាប់ពីមានករណីឆ្លងវីរុស COVID-19 សារជាថ្មី។ យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថាករណីចំនួន ៣៤ ចុងក្រោយបង្អស់ដែលត្រូវបានបញ្ជាក់ គឺនៅក្នុងខេត្តជីលីនដែលទីក្រុងធំចំនួន ២ របស់ខ្លួនគឺ Shulan និង Jilin City ត្រូវបានដាក់ឱ្យស្ថិតក្រោមការចាក់សោរជាថ្មី។ CNA បានរាយការណ៍ថា មានការត្រួតពិនិត្យយ៉ាងតឹងរឹងជាថ្មីលើការដឹកជញ្ជូន និងការជួបជុំសាធារណៈ ហើយសាលារៀនត្រូវបិទទ្វារម្តងទៀត។

    ខេត្តជីលីនមានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលរុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសទទួលរងផលប៉ះពាល់អាក្រក់បំផុតពី COVID-19។ ខេត្តជិតខាងរបស់ខ្លួនគឺខេត្តលាវនីង ដែលមានពលរដ្ឋជាង ៨.៣ លាននាក់ កំពុងរស់នៅក៏មានការរាយការករណីថ្មីៗ ហើយមនុស្សចំនួន ៧,៥០០ នាក់ នៅទីនោះកំពុងស្ថិតក្រោមការដាក់ដោយឡែក។ បើយោងតាមសារព័ត៌មាន Bloomberg និយាយថាដោយសារខេត្តជីលីនមានព្រំដែនជាប់ប្រទេសជិតខាង ក្រុមមន្រ្តីសង្ស័យថាការផ្ទុះឡើងថ្មីនេះអាចកើតមានចំពោះជនជាតិចិនដែលវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញ។

    រដ្ឋាភិបាល Shulan បានប្រកាសពីវិធានការណ៍នៃការបិទទ្វារលើ WeChat កាលពីថ្ងៃច័ន្ទ ដោយបិទបរិវេណលំនៅដ្ឋានមានករណីសង្ស័យ ឬត្រូវបានបញ្ជាក់។ នៅក្រោមការបិទទ្វារនេះគ្រួសារមួយអាចអាចចាកចេញបានតែពីរម៉ោងរៀងរាល់ពីរថ្ងៃសម្រាប់ការផ្គត់ផ្គង់ចាំបាច់។ ការលក់ថ្នាំប្រឆាំងនឹងគ្រុនក្តៅក៏ត្រូវបានហាមឃាត់ទូទាំងខេត្តផងដែរ ដើម្បីការពារប្រជាជនពីការប៉ុនប៉ងលាក់បាំងរោគសញ្ញារបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Insider, Channel News Asia, Bloomberg

    Share This Post: