ទឹកចិត្តជីដូន ខំសន្សំលុយបានតិចតួច យកទៅទិញទូរស័ព្ទឲ្យចៅ ដើម្បីឲ្យចៅរៀនតាម Online តែទិញមិនបាន ដោយសារទូរស័ព្ទសុទ្ធតែថ្លៃៗ
ថៃ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ សាលារៀននៅតាមបណ្តាប្រទេសជាច្រើនត្រូវបិទទ្វារ និងជំនួសមកដោយការរៀនតាម Online ឬអាចហៅថា E-learning។ យ៉ាងណាក្តី ដើម្បីអាចរៀនតាម Online បានសិស្សទាំងអស់ត្រូវមានសម្ភារៈយ៉ាងតិចណាស់ក៏ទូរស័ព្ទទំនើបមួយគ្រឿងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតផងដែរ។
ដើម្បីទទួលបានទូរស័ព្ទទំនើបមួយគ្រឿងគឺមិនមែនជារឿងងាយស្រួលនោះទេសម្រាប់គ្រួសារក្រីក្រមួយចំនួន ជាក់ស្តែង លោកយាយចំណាស់ម្នាក់បានទៅហាងលក់ទូរស័ព្ទនិងងបានសួរគេថា តើមានទូរស័ព្ទណាតម្លៃថោកជាង ៦០ ដុល្លារអាមេរិកហើយអាចរៀនតាម Online បានអត់? បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា រឿងរ៉ាវដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងផ្សារមួយកន្លែងក្នុងប្រទេសថៃ ហើយសាច់រឿងនេះត្រូវបានបុគ្គលិកលក់ទូរស័ព្ទម្នាក់ឈ្មោះថា Jatupol យកទៅសរសេររៀបរាប់និងបង្ហោះពេញបណ្តាញសង្គម Facebook របស់គាត់។

បើតាមលោក Jatupol បានឲ្យដឹងថា លោកយាយបានដើរទៅមុខហាងលក់ទូរស័ព្ទជាមួយនឹងចៅប្រុសម្នាក់ហើយគាត់បាននិយាយទៅកាន់អ្នកលក់ថា គាត់មានលុយត្រឹមតែ ២ ០០០ បាត (៦២ ដុល្លារអាមេរិក) ប៉ុណ្ណោះ ហើយគាត់ចង់ទិញទូរស័ព្ទទំនើបមួយគ្រឿងដើម្បីឲ្យចៅរបស់គាត់រៀនតាម Online។ ពេលនោះលោក Jatupol ក៏បានណែនាំឲ្យលោកលាយឲ្យទិញទូរស័ព្ទមួយគ្រឿងថ្លៃជាងលុយដែរគាត់មានតាមរយៈការបង់រំលស់ប្រចាំខែ ទើបអាចទទួលបានទូរស័ព្ទដែរល្អប្រើ។
យ៉ាងណាក្តី លោកយាយមិនបានទិញទូរស័ព្ទតាមការណែនាំរបស់លោក Jatupol នោះទេ ហើយគាត់បន្តដើរទៅហាងផ្សេងទៀត ខណៈលោក Jatupol ដឹងច្បាស់ថា ទោះគាត់ដើរទៅដល់ទីណាក៏មិនអាចទិញទូរស័ព្ទទំនើបមួយគ្រឿងក្នុងតម្លៃក្រោម ២ ០០០ បាតដែរ។ រហូតមកទល់នឹងពេលនេះគេមិនដឹងច្បាស់តើលោកយាយបានទិញទូរស័ព្ទទំនើបឲ្យចៅរៀនបានហើយឬនៅនោះទេ តែទោះជាយ៉ាងណាក្តីសកម្មភាពនេះបានបង្ហាញពីទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់លោកយាយដែលខំលះបង់គ្រប់យ៉ាងដើម្បីការសិក្សារបស់ចៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz