សិស្សវិទ្យាល័យនៅកូរ៉េខាងត្បូងបានត្រឡប់ចូលរៀនវិញ ប៉ុន្តែសាលាមួយចំនួននៅទីក្រុងអ៉ីនឈុនត្រូវបិទទ្វារឡើងវិញ ក្រោយសិស្ស២នាក់បានឆ្លងវីរុសកូវីដ១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃពុធ ទី២០ ខែឧសភា ម្សិលមិញនេះបានឱ្យដឹងថា សាលារៀនមួយចំនួននៅទីក្រុងអ៉ីនឈុន ភាគខាងលិចនៃទីក្រុងសេអ៊ូល ត្រូវបានបិទទ្វារជាថ្មីម្តងទៀតនៅថ្ងៃចូលរៀនឡើងវិញរបស់ខ្លួន បន្ទាប់ពីរកឃើញថាសិស្សចំនួន ២នាក់ បានធ្វើតេស្ដវិជ្ជមានជាមួយវីរុស COVID-19 ។ សាលារៀនដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសិស្ស ២នាក់នោះ បានលុបចោលម៉ោងរៀននៅក្នុងថ្នាក់រួចរាល់ហើយកាលពីថ្ងៃពុធ ប៉ុន្តែសាលារៀនចំនួន ៦៦ នៅទីក្រុងអ៉ីនឈុនបានបើកធម្មតា និងគ្រាន់តែបិទក្នុងរយៈពេល ២ម៉ោង ដើម្បីជាវិធានការបង្ការទុកជាមុន រហូតដល់ការតាមដានរកទំនាក់ទំនងត្រូវបានបញ្ចប់។

សិស្សសាលាទាំង ២នាក់ បានទៅក្លឹបខារ៉ាអូខេ ដែលជាកន្លែងដែលនិស្សិតឆ្លងផ្សេងទៀតធ្លាប់បានទៅលេងទីនោះដូចគ្នា។ ករណីទាំងនេះត្រូវបានគេជឿជាក់ថា មានជាប់ទាក់ទងនឹងការឆ្លងនៅតំបន់ក្លឹបរាត្រី Itaewon របស់កូរ៉េខាងត្បូង។ រហូតមកដល់ពេលនេះមានករណីសរុបចំនួន ១៩៦ ត្រូវបានគេរាយការណ៍ទាក់ទងនឹងចង្កោមឆ្លងនៅតំបន់ក្លឹបរាត្រី Itaewon ហើយសម្រាប់កាលបរិច្ឆេទបើកវិញសម្រាប់សាលាទាំងនេះ គេនៅមិនទាន់ប្រកាសនៅឡើយទេ។ ចំនួនអ្នកឆ្លងវីរុសនៅកូរ៉េខាងត្បូងបានកើនឡើងក្នុងប៉ុន្មានរយៈនៃការផ្ទុះឡើងចេញពីក្លឹបរាត្រី Itaewon ដោយកាលពីថ្ងៃពុធម្សិលមិញនេះមានអ្នកឆ្លងថ្មីចំនួន ៣២នាក់ ត្រូវបានបញ្ជាក់ ខណៈចំនួនឆ្លងសរុបគឺ ១១,១១០ នាក់នេះបើយោងតាម KCDC ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN , Korea Herald