ប្រទេសចិននឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសចិននឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ នេះបើតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ចេញផ្សាយនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។ ប្រទេសចិនកំពុងព្យាយាមអនុវត្តការហាមឃាត់សត្វព្រៃ ដូចដែលខ្លួនបានដាក់នៅក្នុងខែមករា ដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19។

ជំងឺរាតត្បាតជាសកល COVID-19 ត្រូវបានគេជឿថាបែកចេញពីផ្សារអាហារសមុទ្រមួយកន្លែងនៅទីក្រុងវូហាន ដែលនៅទីនោះមានលក់សត្វព្រៃដូចជា៖ សត្វប្រចៀវ និងសត្វពង្រូល ហើយប្រទេសចិនបានសន្យាថា ច្បាប់ថ្មីនេះនឹងក្លាយជាការហាមឃាត់ជាអចិន្ត្រៃយ៍។ ទីក្រុងវូហាន ទីក្រុងសៀងហៃ និងទីក្រុងធំៗផ្សេងទៀត ក៏បានហាមឃាត់ការជួញដូរសត្វព្រៃរួចហើយ ហើយខេត្តមួយចំនួនក៏បានចេញនូវផែនការសកម្មភាព ដើម្បីទប់ស្កាត់ការបរបាញ់ ការបង្កាត់ពូជ និងការជួញដូរផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia