ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទំនងមែនទែន! សហគ្រិនឥណ្ឌូនេស៊ីវ័យក្មេងម្នាក់ បានបង្កើតស្បែកជើងស្បែកយ៉ាងស្រស់ស្អាត ដែលធ្វើចេញពីស្បែកជើងមាន់

    BY autoadmin May 22, 2020
    ទំនងមែនទែន! សហគ្រិនឥណ្ឌូនេស៊ីវ័យក្មេងម្នាក់ បានបង្កើតស្បែកជើងស្បែកយ៉ាងស្រស់ស្អាត ដែលធ្វើចេញពីស្បែកជើងមាន់

    ឃើញស្បែករលោងស្អាតមែន​ ប៉ុន្តែស្បែកជើងទាំងនេះត្រូវបានផលិតចេញពីស្បែកមាន់ មិនមែនស្បែកសត្វសាហាវឬសត្វកម្រណានោះទេ។ ស្បែកជើងធ្វើចេញពីស្បែកមាន់ទាំងនេះជាគំនិតរបស់លោក Nurman Farieka Ramdhany ជាសហគ្រិនជនជាតិឥណ្ឌូនេស៊ីវ័យក្មេងម្នាក់ ដោយមានការបំផុសគំនិតពីឪពុកនិងអ្នកជួញដូរ។ គាត់ចង់ផ្តល់នូវជម្រើសថ្មីមួយដោយមិនប្រើប្រាស់ស្បែកសត្វកម្រ និងសត្វសាហាវ ជាក់ស្ដែងដូចជា៖ ស្បែកសត្វពស់ និងក្រពើ ដែលសត្វទាំងនេះជាគោលដៅរបស់ក្រុមហ៊ុនផលិតផលចេញពីស្បែក ហើយវាក៏តែងតែជាក្ដីបារម្ភសម្រាប់ក្រុមការពារសិទ្ធិសត្វ។ ក្រុមហ៊ុនរបស់គាត់ឈ្មោះថា Hirka និងមានកម្មករចំនួន ៦នាក់ ដើម្បីរង់ចាំយកស្បែកពីជើងមាន់ ដែលសល់ចេញពីភោជនីយដ្ឋានក្នុងស្រុក។

    លោក Nurman Farieka Ramdhany បាននិយាយថា៖ «សំណល់ជើងមាន់មានច្រើន។ វាជាមូលហេតុដែលយើងព្យាយាមកែច្នៃវា ដើម្បីទទួលបានតម្លៃកាន់តែច្រើនពីវា»។ ដំណើរការគឺគ្រាន់តែយកស្បែកចេញពីជើងមាន់សល់ទាំងនោះ ហើយដេរវាចូលគ្នាបង្កើតទៅជាស្បែកជើងស្បែកសត្វយ៉ាងស្រស់ស្អាត ដែលមើលទៅដូចជាស្បែកជើងធ្វើពីរបស់ប្រណីត។ ស្បែកជើងមួយគូអាចប្រើជើងមាន់រហូតដល់ទៅ ៤៥ និងប្រើពេល​ ១០ថ្ងៃ ទៅតាមប្រភេទស្បែកជើង។ លោក Nurman Farieka Ramdhany ក៏សង្ឃឹមដែលថា ការផលិតរបស់លោកនឹងទទួលបានការគាំទ្រកាន់តែច្រើន ដោយសារវាកាត់បន្ថយការប្រើប្រាស់ស្បែកសត្វកម្រ ក៏ដូចជាការបង្កើតនូវគំនិតថ្មី និងសិល្បៈហត្ថកម្មរបស់ក្រុមហ៊ុនគាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Insider

    Share This Post: