អន្តរជាតិ

ជណ្ដើរប្រអប់របស់ផ្សារទំនើបមួយនៅប្រទេសថៃ បានប្ដូរពីប្រើប៊ូតុងមកជាឈ្នាន់ជើងវិញ ដើម្បីកាត់បន្ថយហានិភ័យការប៉ះជាមួយវីរុសកូវីដ១៩

BY
autoadmin
May 22, 2020

ការផ្ទុះឡើងនៃវីរុស COVID-19 បានធ្វើឱ្យមនុស្សជាច្រើនខ្លាចញញើតជាមួយនឹងការប៉ះពាល់វត្ថុសាធារណៈ ជាក់ស្ដែងនៅតាមផ្សារទំនើបខ្លះមនុស្សមួយចំនួនមិនហ៊ានសូម្បីតែប៉ះប៊ូតុងក្នុងជណ្តើរប្រអប់របស់ផ្សារទំនើប។ បញ្ហានេះបណ្តាលឱ្យផ្សារមួយនៅក្នុងប្រទេសថៃបានចេញគំនិតថ្មីមួយ ដោយបំពាក់មកវិញនូវឈ្នាន់ជើង ដើម្បីឱ្យអ្នកជិះជណ្ដើរប្រអប់អាចឆ្លងពីជាន់មួយទៅជាន់មួយទៀត ដោយប្រើជើងរបស់ពួកគេបញ្ជាលើប៊ូតុងបានយ៉ាងងាយស្រួល។ បើយោងតាមការចុះផ្សាយរបស់បាងកកប៉ុស្ដិ៍បាននិយាយថា គំនិតនេះធ្វើឡើងដើម្បីគ្រប់គ្រងការឆ្លងវីរុស COVID-19 និងធ្វើឱ្យមនុស្សចង់មកទិញទំនិញម្តងទៀត ព្រោះមានអារម្មណ៍ថាសុវត្ថិភាពជាងមុន។

ប៊ូតុងប្រើជើងនេះមាននៅផ្សារទំនើប Seacon Square ដែលជាផ្សារទំនើបដ៏ធំមួយរបស់ទីក្រុងបាងកកប្រទេសថៃ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនជាមួយគំនិតទាន់សម័យនេះ​។ អ្នកមកទិញទំនិញមួយចំនួនបាននិយាយថា គំនិតនេះល្អណាស់ព្រោះយើងមិនចាំបាច់ប្រើដៃទៅប៉ះប៊ូតុង ហើយយើងក៏ដឹងដែរថាគ្រាន់តែការប៉ះមុខ មាត់់ ឬភ្នែក ជាមួយនឹងដៃដែលបានប៉ះនឹងវីរុស គឺយើងនឹងឆ្លងវីរុស COVID-19 នេះបាត់ទៅហើយ។ ដូច្នេះជំនួសឱ្យការប្រើប៊ូតុងដៃមកជាឈ្នាន់ជើង វានឹងកាត់បន្ថយហានិភ័យពីវីរុស COVID-19 ដែលសព្វថ្ងៃបានចម្លងដល់មនុស្សចំនួន ៣,០៣៧ នាក់ និងសម្លាប់មនុស្ស ៥៦នាក់ នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: