អន្តរជាតិ

ចិត្តដាច់ណាស់! ស្រ្តីម្នាក់បង្ខំឲ្យកូនផឹកមេសាប៊ូពុលជិតស្លាប់ ដើម្បីថតរូបកូនយកមកផ្សព្វផ្សាយលក់ផលិតផលតាម Online

BY
autoadmin
May 25, 2020

ថៃ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅឯខេត្ត Pathum Thani  ភាគខាងជើងប្រទេសថៃ បន្ទាប់ពីរូបគាត់បានបង្ខំឲ្យទារកម្នាក់ផឹកមេសាប៊ូរហូតមានអាការៈដូចមនុស្សមានជំងឺធ្ងន់ធ្ងរ ដើម្បីគាត់អាចយករូបភាពរបស់ទារកនោះទៅផ្សព្វផ្សាញលក់ទំនិញតាម Online បាន។ ស្រ្តីចិត្តខ្មៅរូបនេះមានឈ្មោះថា Nittha Wongwan អាយុ ២៩ ឆ្នាំ ហើយបើតាមតាមឯកសារកំណើតបានបង្ហាញថា ទារករងគ្រោះនោះត្រូវជាកូនប្រុសបង្កើតរបស់គាត់តែម្តង។

យ៉ាងណាក្តី ពេលនេះប៉ូលិសកំពុងតែធ្វើតេស្ត DNA ដើម្បីឲ្យដឹងច្បាស់ថា អ្នកស្រី Nittha Wongwan ពិតជាម្តាយបង្កើតទារករងគ្រោះ មែនឬយ៉ាងណា ឬជាកូនដែលគាត់ស៊ីឈ្មួលពពោះជំនួសគេ ទើបបានជាគាត់ចិត្តដាច់ហ៊ានធ្វើយ៉ាងនេះចំពោះកូនខ្លួនឯង។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានឲ្យដឹងថា អ្នកស្រី Nittha Wongwan ជាអ្នកលក់ផលិតផលបំប៉នសុខភាព និងថ្នាំបំបាត់អាឡែកស៊ីតាម Online ដ៏មានប្រជាប្រិយភាពមួយរូប ហើយរូបគាត់បានរំពឹងថាអាចនឹងរកប្រាក់បានប្រមាណជា ១០ លានបាត (៣១៣,៤៧៩ ដុល្លារអាមេរិក) តាមរយៈការសម្ដែងឆាកល្ខោនបំភាន់ភ្នែកអតិថិជនឲ្យមើលឃើញរូបកូនរបស់គាត់មានបញ្ហាអាឡែកស៊ីធ្ងន់ធ្ងរ ដែលការពិតទារកមានបញ្ហា ព្រោះបានផឹកមេសាប៊ូនិងក្រោយមកកូនរបស់គាត់មានសុខភាពល្អធម្មតាវិញតាមរយៈការប្រើប្រាស់ផលិតផលដែលគាត់កំពុងតែលក់។

បើតាមការស៊ើបអង្កេតរបស់ប៉ូលិសជំនាញបានឲ្យដឹងថា កន្លងមកស្ត្រីរូបនេះធ្លាប់ធ្វើសកម្មភាពដូចគ្នានេះចំពោះក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ដែលជាកូនគាត់សុំគេមកចិញ្ចឹមម្តងរួចហើយ និងជាអកុសលក្មេងស្រីនោះបានស្លាប់បាត់បង់ជីវិតតែម្តង។ យ៉ាងណាក្តី ទារករងគ្រោះខាងលើត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលទើបអាចជួយសង្គ្រោះជីវិតបាន បើទោះជាទារករងគ្រោះមានបញ្ហារលាកពោះរៀនធ្ងន់ធ្ងរ និងត្រូវក្អួតមកចេញឈាមឥតឈប់ឈរក៏ដោយ។ ដោយឡែកស្រ្តីជាម្តាយចិត្តអប្រិយរូបនេះត្រូវបានប៉ូលិសឃុំខ្លួនជាបណ្ដោះអាសន្ននិងរងចាំការកាត់ទោសពីតុលាការ៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost

Share This Post: