ធ្លាក់យន្តហោះនៅប៉ាគីស្ថាន កាលពីម្សិលមិញសម្លាប់មនុស្សជាង៩០នាក់ និង ២នាក់នៅមានជីវិត តែរបួសធ្ងន់
អន្តរជាតិ May 23, 2020 lyda

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្ស ៩៧ នាក់បានស្លាប់ និង ២ នាក់ផ្សេងទៀតត្រូវរងបួសធ្ងន់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា នៅឯទីក្រុង Karachi ​​នៃប្រទេសប៉ាគីស្ថាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា យន្តហោះ មួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើរក្នុងស្រុករបស់ក្រុមហ៊ុន Pakistan International Airlines ដែលបានហោះចេញពីទីក្រុង Lahore ឆ្ពោះទៅកាន់ទីក្រុង Karachi​។ យ៉ាងណាក្តី ដើម្បីអាចចុះចតនៅក្នុងព្រលានយន្តហោះក្នុងទីក្រុង Karachi បាន យន្តហោះត្រូវហោះពីលើផ្ទះខ្ពស់ៗរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ហើយដោយសារតែការចុះចតមានបញ្ហាបច្ចេកទេសនោះ យន្តហោះបានហោះទៅប៉ះនឹងដំបូលផ្ទះប្រជាពលរដ្ឋទើបយន្តហោះត្រូវធ្លាក់ចុះនិងផ្ទុះឡើងតែម្តង។

ប្រភពខាងខាងលើបានបន្តថា គ្មានពលរដ្ឋណាម្នាក់ដែលរស់នៅក្នុងតំបន់កើតហេតុត្រូវរងរបួសឡើយ ដោយជនរងគ្រោះទាំងស្លាប់និងរបួសទាំងអស់សុទ្ធជាអ្នកដំណើរនិងបុគ្គលិកបម្រើការងារនៅលើយន្តហោះ។ រហូតមកទល់នឹងពេលនេះសាកសពចំនួន ១៩ នាក់ត្រូវបានគេរកឃើញអត្តសញ្ញាណពិតប្រាកដហើយ ដោយឡែកសាកសពផ្សេងទៀតត្រូវឆេះខ្ទេចខ្ទីមើលលែងស្គាល់ និងកំពុងត្រូវបានគេពិនិត្យ DNA ដើម្បីឲ្យដឹងថា សាកសពជនរងគ្រោះគឺជាអ្នកណាឲ្យពិតប្រាដកដើម្បីងាយស្រួលឲ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ គួរម្លឹកជូនថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះប៉ាគីស្ថានមានហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរជាបន្តបន្ទាប់ ដោយកាលពីឆ្នាំ ២០១៦ បានកើតឡើងម្តងនិងបានសម្លាប់មនុស្សចំនួន ៤០ នាក់ ហើយកាលពីឆ្នាំ ២០១០ ក៏ធ្លាប់មានហេតុការណ៍ធ្លាក់យន្តហោះម្តងដែរនិងបានសម្លាប់មនុស្សរហូតដល់ ១៥២ នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia