អន្តរជាតិ

វ៉ាក់សាំង កូវីដ១៩ របស់អ្នកស្រី Chen Wei អ្នកស្រាវជ្រាវវេជ្ជសាស្ត្រយោធារបស់ចិន ធ្វើពិសោធន៍បានជោគជ័យលើមនុស្ស ១០០ នាក់

BY
autoadmin
May 23, 2020

សព្វថ្ងៃនេះយើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំវ៉ាក់សាំងសម្រាប់ការពារវីរុស COVID-19 ដោយសារតែវីរុសសាហាវមួយនេះបានសម្លាប់មនុស្សជាង ៣៣០,០០០ នៅទូទាំងពិភពលោករួចមកហើយគិតមកទល់ពេលនេះ។​ ប៉ុន្តែយ៉ាងណានាពេលថ្មីៗនេះក្រុមស្រាវជ្រាវវ៉ាក់សាំងលើមនុស្សដំបូងមកពីប្រទេសចិន ដែលដឹកនាំដោយសាស្រ្តាចារ្យអ្នកស្រី Chen Wei នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា និងជាសមាជិកបណ្ឌិត្យសភាវិស្វកម្មចិន ទើបតែបានបញ្ចប់ការសាកល្បងដំណាក់កាលទី១ របស់ខ្លួនទៅលើមនុស្ស ហើយលទ្ធផលគួរជាទីគាប់ចិត្តរបស់ក្រុមគាត់ត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិ The Lancet របស់ចក្រភពអង់គ្លេស ដើម្បីឱ្យមនុស្សរាល់គ្នាបានពិនិត្យចំពោះលទ្ធផលនេះផងដែរ។

នៅក្នុងការស្រាវជ្រាវនោះពួកគេបានសាកល្បងលើអ្នកចូលរួមចំនួន ១០៨នាក់ ដោយប្រើវ៉ាក់សាំងឈ្មោះថា “recombinant adenovirus type-5 vectored” ឬ Ad5-nCoV ។ នៅក្នុងការធ្វើតេស្ដនេះក្រុមស្រាវជ្រាវបានបែងចែកអ្នកចូលរួមជា ៣ក្រុម ជាមួយនឹងការប្រើប្រាស់ប្រភេទថ្នាំខុសៗគ្នា។ វ៉ាក់សាំង Ad5-nCoV នេះត្រូវបានគេឱ្យដឹងថា មានតួនាទីបង្រៀនដល់ប្រព័ន្ធ​ភាពស៊ាំរបស់មនុស្សឱ្យប្រឆាំងជាមួយវីរុស COVID-19 ហើយក្រោយរយៈពេល ២៨ថ្ងៃ បន្ទាប់ពីចាក់វ៉ាក់សាំងចូលខ្លួន អ្នកចូលរួមទាំងនោះគ្មានប្រតិកម្មចំពោះវ៉ាក់សាំងនោះទេ ដែលវាមានន័យថាវ៉ាក់សាំងនេះកំពុងផ្ដល់ផលវិជ្ជមាន ហើយមនុស្សអាចទទួលយកវាបាន។ ប្រភពដដែលបាននិយាយដែរថា អង្គបដិប្រាណប្រឆាំងនឹងវីរុស COVID-19 របស់អ្នកដែលទទួលយកវ៉ាក់សាំងនេះ បានកើនឡើងដល់កំពូលនៅថ្ងៃទី២៨ នោះផងដែរ ដូច្នេះហើយលទ្ធផលរបស់វាកំពុងត្រូវបានស៊ើបអង្កេតនៅជំហានបន្ទាប់បន្ដទៀត។ ជំហានទី២ ក៏ទើបតែចាប់ផ្ដើមផងដែរ ដោយមានមនុស្សចំនួន ៥០៨នាក់ បានចូលរួមក្នុងការស្រាវជ្រាវ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: