ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនគ្រោងនឹងប្រកាសដកប្រទេសចេញពីភាពអាសន្ន នៅគ្រប់តំបន់ដែលនៅសេសសល់ទាំងអស់

    BY autoadmin May 25, 2020
    ជប៉ុនគ្រោងនឹងប្រកាសដកប្រទេសចេញពីភាពអាសន្ន នៅគ្រប់តំបន់ដែលនៅសេសសល់ទាំងអស់

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងដកចេញនូវ «ស្ថានភាពអាសន្ន» នៅតាមបណ្តាខេត្តចំនួន ៥ ដែលនៅសេសសល់ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាពិគ្រោះអំពីវីរុស COVID-19 ។ រំលឹកដែរថាភាពអាសន្នបានដាក់អស់រយៈពេលជាងមួយខែរួចមកហើយ ហើយតំបន់ដែលកំពុងស្ថិតនៅក្រោមការរឹតត្បិតគឺទីក្រុងតូក្យូ និងបណ្តាខេត្តចំនួន ៣ ព័ទ្ធជុំវិញរាជធានី ក៏ដូចជាកោះហុកកៃដូនៅភាគខាងជើង។ នៅទីក្រុងតូក្យូចំនួននៃការឆ្លងថ្មីក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ គឺជាមធ្យមទាបជាង ០.៥ នាក់ ក្នុងចំណោមមនុស្ស ១០០,០០០ នាក់ ដែលតួលេខនេះបានធ្លាក់ចុះគ្រប់គ្រាន់អាចឱ្យជប៉ុនដកចេញនូវភាពអាសន្នរបស់ខ្លួន។

    បន្ទាប់ពីបានស្តាប់ពីក្រុមប្រឹក្សាពិគ្រោះយោបល់នៅថ្ងៃច័ន្ទ គណៈកម្មាធិការដឹកនាំនៃអង្គជំនុំជម្រះនឹងត្រូវធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីការសម្រេចចិត្តនេះ ហើយនាយករដ្ឋមន្រ្តីលោក ABE Shinzo គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅម៉ោងប្រមាណ ៦ ល្ងាចនេះ។ ពលរដ្ឋខ្លះបានឱ្យមតិថា ការបើកទ្វារវិញគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាល្អសម្រាប់សេដ្ឋកិច្ចរបស់ជប៉ុន ព្រោះយើងមិនអាចរង់ចាំទៀតនោះទេ។ ខណៈខ្លះទៀតបាននិយាយថា ពួកគេខ្លាចជំងឺរាតត្បាតអាចនឹងកើតឡើងសារជាថ្មី ប្រសិនបើបន្ធូរការរឹតត្បឹត ដូច្នេះពួកគេត្រូវតែបង្កើនការប្រុងប្រយ័ត្ន។

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងចេញគោលការណ៍ណែនាំជាមូលដ្ឋានស្តីពីការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ រួមទាំងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ការធ្វើដំណើរ និងទេសចរណ៍ទូទាំងប្រទេស។ គួរឱ្យដឹងដែរថា ជប៉ុនមានអ្នកឆ្លង COVID-19 ថ្មីចំនួន ៤២នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ហើយ ១៤ នាក់ក្នុងចំណោមពួកគេនៅទីក្រុងតូក្យូ។ វាជាថ្ងៃដំបូងចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដែលទីក្រុងតូក្យូបានឃើញករណីថ្មីជាង ១០ ។ ជាសរុបមនុស្សជាង ១៦,០០០ នាក់ បានតេស្តវិជ្ជមាននៅប្រទេសជប៉ុន ហើយមានមនុស្សជាង ៨០០នាក់ បានស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: