អន្តរជាតិ

WHO បានសរសើរចំពោះកិច្ចខំប្រឹងប្រែងក្នុងការទប់ស្កាត់នឹងវីរុសកូវីដ១៩ របស់ប្រទេសជប៉ុន

BY
autoadmin
May 26, 2020

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុននៅក្នុងការទប់ស្កាត់ការឆ្លងវីរុស COVID-19 ដោយហៅវាថាជា “ជោគជ័យ” ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងបែបនេះទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទ បន្ទាប់ពីលើកឡើងពីការដកចេញស្ថានភាពអាសន្នរបស់ប្រទេសជប៉ុន។ លោកបាននិយាយថា ប្រទេសជប៉ុនធ្លាប់មានករណីប្រចាំថ្ងៃខ្ពស់បំផុតរហូតដល់ទៅ ៧០០ករណី ប៉ុន្តែចំនួនអ្នកឆ្លងប្រចាំថ្ងៃឥឡូវនេះមានប្រហែល ៤០នាក់ប៉ុណ្ណោះ។

លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសជប៉ុនដើម្បីបន្តអនុវត្តវិធានការជាមូលដ្ឋាន រួមទាំងការកំណត់អត្តសញ្ញាណករណី ការតាមដាន ការថែរក្សាគ្រប់គ្រាន់ និងការដាក់ដាច់ដោយឡែក នៅពេលដែលប្រទេសនេះកំពុងដកចេញនូវស្ថានភាពអាសន្នរបស់ខ្លួន។ នាយកប្រតិបត្តិអង្គការសុខភាពពិភពលោកសម្រាប់កម្មវិធីបន្ទាន់លោក Michael Ryan បានមានប្រសាសន៍ថា ប្រទេសនានានៅទូទាំងពិភពលោកកំពុងស្ថិតនៅកណ្តាលរលកទី១ ដោយព្រមានថាការផ្ទុះឡើងអាចកើតឡើងម្តងទៀតនៅក្នុងប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានខែក្រោយទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: