អំឡុងពេលបិទប្រទេសដោយសារជំងឺកូវីដ ១៩ ករណីបៀនបៀនផ្លូវភេទនៅប្រទេសម៉ាឡេស៊ីកើនឡើងគួរឲ្យគត់សម្គាល់
ម៉ាឡេស៊ី៖ ក្នុងអំឡុងពេលនៃការបិទប្រទេសដើម្បីប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ ១៩ ប្រទេសម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា បានកើតមានបញ្ហាអសកម្មក្នុងសង្គមជាច្រើនព្រមគ្នាផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា បញ្ហាសង្គមទាំងនោះរួមមាន ការរើសអើងជាតិសាសន៍ អំពើហិង្សា អត្តឃាត និងបៀតបៀនផ្លូវភេទលើក្រុមស្រី្តងាយរងគ្រោះជាដើម។

អ្វីដែលជាការចាប់អារម្មណ៍ជាពិសេសនោះគឺប្រភពខាងលើបានបញ្ជាក់ថា ករណីបៀតបៀនផ្លូវភេទនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់តែម្តង។ បើយោងតាមពាក្យបណ្ដឹងដែលអាជ្ញាធរតាមមូលដ្ឋានទទួលបានទូទាំងប្រទេសម៉ាឡេស៊ីបានបង្ហាញថា មាន ១៨,៥ %គឺជាករណីបៀតបៀនផ្លូវភេទលើស្រ្តី ហើយក្នុងចំណោមករណីបៀតបៀនផ្លូវភេទទាំងអស់នោះទៀតសោធគឺមាន ៤១,៧% ត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម Facebook ទៀតផង។
សូមរម្លឹកជូនថា ថ្មីៗនេះម៉ាឡេស៊ីមានករណីរំលោភបំពានផ្លូវភេទនិងអត្តឃាតគួរឲ្យកត់សម្គាល់ជាច្រើនករណីដូចជា៖
១៖ស្ត្រីម្នាក់ត្រូវគេចាប់រំលោភនៅឯកន្លែងដាក់អ្នកជំងឺកូវីដ ១៩ ឲ្យនៅដាច់ដោយ ១៤ ថ្ងៃ ហើយរូបអាក្រាតរបស់នាងត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Facebook
២៖ចៅហ្វាយប្រុសម្នាក់ផ្ញើរូបដែលគាត់កំពុងរួមភេទជាមួយសត្វឲ្យបុគ្គលិកស្រីខ្លួនឯងមើលតាមបណ្តាញសង្គម Facebook
៣៖ស្រ្តីម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងក្រោយមានគេប្រឌិតរឿងអាស្រូវរបស់នាងនិងយកទៅបង្ហោះក្នុងបណ្តាញសង្គម Facebook ឲ្យនាងខ្មាស់គេ
សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីមិនទាន់បានសម្រេចដកការរឹតបន្ដឹងប្រទេសរបស់ខ្លួនទាំងស្រុងនោះទេ ដ្បិតអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីនៅបន្តកើតមានឥតឈប់ឈរ ខណៈតួលេខអ្នកឆ្លងជំងឺសរុបបានកើនដល់ ៧ ៤១៧ ករណី និងស្លាប់ ១១៥ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz