មហាសេដ្ឋីនិងជាអ្នកកសាងអាណាចក្រល្បែងម៉ាកាវ លោក Stanley Ho បានទទួលមរណភាពក្នុងវ័យ ៩៨ឆ្នាំ
មហាសេដ្ឋីម៉ាកាវលោក Stanley Ho បានទទួលមរណភាពក្នុងវ័យ ៩៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Oriental Daily News។ យោងតាមរបាយការណ៍បានឱ្យដឹងថា មហាសេដ្ឋីរូបនេះគឺជាអ្នកដែលបានកសាងអាណាចក្រជំនួញនិងល្បែងម៉ាកាវ និងបានស្លាប់នៅមន្ទីរពេទ្យមួយក្នុងទីក្រុងហុងកុង។ លោក Stanley Ho ធ្លាប់ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CPPCC ទី៩ និងទី១១ ហើយក៏ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន SJM Holdings ផងដែរ។

ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Stanley Ho ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៥០ ពាន់លានដុល្លារហុងកុង (៦.៤ ពាន់លានដុល្លារអាមេរិក) នៅពេលដែលគាត់ចូលនិវត្តន៍នៅឆ្នាំ២០១៨។ លោក Stanley Ho បានផ្លាស់ប្តូរម៉ាកាវពីកន្លែងពាណិជ្ជកម្មទៅជា «ឡាសវេហ្គាសនៃអាស៊ី» ហើយកាស៊ីណូទាំងអស់គឺស្របច្បាប់។ នៅឆ្នាំ១៩៨៤ លោកបានឈ្នះអាជ្ញាប័ណ្ណបើកកាស៊ីណូនៅព័រទុយហ្កាល់ ហើយចំណាយ ៣០ លានដុល្លារអាមេរិក ដើម្បីបើកកាស៊ីណូនៅព្យុងយ៉ាងរបស់កូរ៉េខាងជើងនៅឆ្នាំ២០០០ និងស្នាដៃផ្សេងៗជាច្រើន៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN