ថៃសម្រេចទម្លាក់ថវិកាជាង ១ ពាន់លានដុល្លារអាមេរិក ដើម្បីជួយពលរដ្ឋ ៣ ក្រុមដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ ១៩
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានសម្រេចប្រើប្រាស់ថវិកាចំនួន ៣៩.៤២ ពាន់លានបាត (ជាង ១.២៣ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់ឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្លួនប្រមាណជា ១៣.១៤ លាននាក់ដែលកំពុងមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិនៃមេរោគកូវីដ ១៩ នេះបើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost ។

ប្រភពដដែលនេះបានបន្តថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃមួយនេះត្រូវបានធ្វើឡើងតាមរយៈការប្រជុំនិងសម្រេចដោយគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះ។ បើតាមលោកស្រី Rachada Dhnadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា ថវិការចំនួន ៣៩.៤២ ពាន់លានបាតនេះគឺគ្រាន់តែជាផ្នែកមួយនៃការជួយឧបត្ថម្ភប៉ុណ្ណោះ ដែលតាមគម្រោងគឺរដ្ឋាពិបាលថៃគ្រោងនឹងប្រើប្រាស់ថវិការរហូតដល់ ១,១ លានលានបាត (៣៤,៤៩៣,៥៨០,០០០ ដុល្លារអាមេរិក) ឯណោះ ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយវិបត្តិនៃការរាតត្បាតមេរោកកូវីដ ១៩ ទាំងអស់នៅទូទាំងប្រទេស។
លោកស្រី Rachada Dhnadirek បានបន្តថា ប្រាក់ទាំង ៣៩.៤២ ពាន់លានបាតនេះនឹងត្រូវឧបត្ថម្ភដល់ពលរដ្ឋថៃចំនួន ៣ ក្រុម គឺក្រុមកុមារមានអាយុក្រោម ៩ ឆ្នាំ មនុស្សចាស់ជរាប្រមាណជា ៩.៦៦ លាននាក់ និងជនមានពិការភាពប្រមាណជា ២ លាននាក់ផងដែរ។ ក្រុមពលរដ្ឋងាយរងគ្រោះទាំងនេះនឹងទទួលបានប្រាក់សុទ្ធក្នុងម្នាក់ៗចំនួន ១,០០០ បាត (៣១.៥ ដុល្លារអាមេរិក) ក្នុងមួយខែនិងទទួលបានក្នុងរយៈពេល ៣ ខែជាប់គ្នាចាប់ពីខែឧសភាដល់ខែកក្កដា៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost