កុំចេះតែហ៊ាន! បុរសសិង្ហបុរីម្នាក់ត្រូវជាប់គុក ៤ខែ ព្រោះចែកចាយព័ត៌មានក្លែងក្លាយតាមហ្វេសប៊ុកទាក់ទងនឹងបញ្ហាកូវីដ១៩
សិង្ហបុរី៖ បុរសជាអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន និងផ្តន្ទាទោសជាប់គុករយៈពេល ៤ ខែនៅក្នុងប្រទេសសិង្ហបុរី ក្រោយរូបគាត់បានចែកចាយព័ត៌មានមិនពិតនៅក្នុងបណ្តាញសង្គម Facebook ដែលមានខ្លឹមសារថា “ហាងលក់ទំនិញនិងហាងអាហារនៅក្នុងប្រទេសសិង្ហបុរីនឹងត្រូវបិទទ្វារ ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ ដូចនេះពលរដ្ឋទាំងអស់គួរតែនាំគ្នាសម្រុកទៅទិញចំណីអាហារយកមកស្ដុកទុកឲ្យបានច្រើន”។
![]()
បុរសដែលជាអ្នកផ្ដើមចែកចាយព័ត៌មានក្លែងក្លាយនេះមានឈ្មោះថា Kenneth Lai Yong Hu អាយុ ៤០ ឆ្នាំហើយការចែកចាយព័ត៌មានក្រៅផ្លូវការរបស់គាត់ត្រូវបានធ្វើឡើងតាមរយៈការផ្ញើសារចូលទៅក្នុងក្រុមដែលមានសមាជិកប្រមាណជា ៧,៥០០ នាក់។ ក្រោយធ្វើការចែកចាយដំណឹងមិនពិតបានត្រឹមតែ ១៥ នាទី លោក Kenneth Lai Yong Hu ក៏បានលុបសារនោះចោលវិញ តែយ៉ាងណាក្តីខាងអាជ្ញាធរបានរក្សាទុកភស្តុតាងនិងកំណត់អត្តសញ្ញាណរបស់គាត់បានរួចទៅហើយ ទើបប៉ូលិសអាចឃាត់ខ្លួនគាត់បានភ្លាមៗផងដែរ។
គួរបញ្ជាក់ជូនថា សិង្ហបុរីបានក្លាយជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ានដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេ ដែលវាបានធ្វើឲ្យពលរដ្ឋសិង្ហបុរីមានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ហើយទន្ទឹមគ្នានេះអាជ្ញាធរសិង្ហបុរីក៏បានដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដើម្បីទប់ស្កាត់លទ្ធភាពនៃការកើតមានភាពចលាចលផ្សេងៗផងដែរ។ តួយ៉ាងបើតាមវិធានការរបស់អាជ្ញាធរសិង្ហបុរីបានកំណត់ថា ជនណាដែលបង្កើតព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ អាចប្រឈមនឹងការជាប់គុករហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១ ម៉ឺនដុល្លារសិង្ហបុរី (៧,០៧៧ ដុល្លារអាមេរិក) ឬត្រូវអនុវត្តទាំងជាប់គុកនិងពិន័យប្រាក់ព្រមគ្នាទៀតផងក្នុងករណីធ្ងន់ធ្ងរ។
គេនៅចាំបានថា កាលពីខែមុនមានបុរសម្នាក់ដែលបានដើរចេញពីកន្លែងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ត្រឹមតែ ៣០ នាទី ត្រូវបានអាជ្ញាធរសិង្ហបុរីពិន័យជាប្រាក់ ១,០០០ ដុល្លារអាមេរិក ហើយមានបុរសម្នាក់ទៀតដែលបានដើរចេញពីផ្ទះដោយគ្មានការអនុញ្ញតពីអាជ្ញាធរដើម្បីទៅទិញស៊ុបយកមកញ៉ាំក៏ត្រូវអាជ្ញាធរពិន័យឲ្យជាប់គុកចំនួន ៦ សប្តាហ៍ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost