អន្តរជាតិ

មន្ត្រីម៉ាឡេស៊ី ៤រូបប្រឈមនឹងជាប់គុក ៧ឆ្នាំ និងបញ្ឈប់ពីការងារជុំវិញករណីព្យាយាមធ្វើដំណើរឆ្លងកាត់រដ្ឋដោយគ្មានការអនុញ្ញាត

BY
autoadmin
May 30, 2020

ម៉ាឡេស៊ី៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចហាមឃាត់មិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរឆ្ងាយពីផ្ទះ ឬឆ្លងពីរដ្ឋមួយទៅរដ្ឋមួយឡើយ ហើយបើក្នុងករណីចាំបាច់ពលរដ្ឋត្រូវបង្ហាញលិខិតអនុញ្ញាតឬលិខិតបញ្ជាក់ពីអាជ្ញាធរថា ពួកគេពិតជាចាំបាច់ត្រូវធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយពិតមែនជាដូចជា ត្រូវទៅធ្វើការងារឬទៅបំពេញបេសកម្មសំខាន់ណាមួយជាដើម។ យ៉ាងណាក្តី ពលរដ្ឋម៉ាឡេស៊ីមួយចំនួននៅតែព្យាយាមបំពានការហាមឃាត់របស់រដ្ឋាភិបាល ដោយអ្នកខ្លះបានប្រើប្រាស់លិខិតអនុញ្ញាតក្លែងដើម្បបង្ហាញដល់ប៉ូលិសនៅកន្លែងត្រួតពិនិត្យ ហើយអ្នកខ្លះវិញបានប្រថុយធ្វើដំណើរតាមផ្លូវវាងតូចចង្អៀតនិងពិបាកធ្វើដំណើរជាដើម។

បើទោះជាយ៉ាងនេះក្តី ប៉ូលិសម៉ាឡេស៊ីនៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទៅលើសកម្មភាពបំពានរបស់ពលរដ្ឋទាំងនោះបាន។ ជាក់ស្តែងបើតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា ថ្មីៗនេះប៉ូលិសម៉ាឡេស៊ីបានឃាត់មន្ត្រីរាជការរបស់រដ្ឋាភិបាលម៉ាឡេស៊ីចំនួន ៤ នាក់ ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយដោយគ្មានលិខិតបញ្ជាក់ច្បាស់លាស់ តែពួកគេអះអាងថា ពួកគេពិតជាមានភារកិច្ចចាំបាច់និងទទួលបានការអនុញ្ញាតពីថ្នាក់លើរួចហើយ។ បច្ចុប្បន្នពួកគេត្រូវបានឃាត់ខ្លួនជាបណ្ដោះ អាសន្នសិន ខណៈប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតករណីនេះជាពិសេសនិងបន្ទាន់មួយ។ ប្រសិនបើប៉ូលិសរកឃើញថា មនុស្សទាំង ៤ នាក់នេះបានកុហកប៉ូលិសដើម្បីអាចធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយទាំងបំពានការសេចក្តីហាមឃាត់ ពួកគាត់ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៧ ឆ្នាំ និងបណ្ដេញចេញពីការងាររដ្ឋទៀតផង៕

អត្ថបទ៖ភក្តី

ប្រភព៖worldofbuzz

Share This Post: