ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបង្ហាញភាពជោគជ័យក្នុងការយកប្លាស្មារបស់មនុស្សទើបជាពីជំងឺកូវីដ១៩ ទៅព្យាបាលឲ្យជនរងគ្រោះកំពុងមានជំងឺកូវីដ ១៩

    BY autoadmin May 28, 2020
    ថៃបង្ហាញភាពជោគជ័យក្នុងការយកប្លាស្មារបស់មនុស្សទើបជាពីជំងឺកូវីដ១៩ ទៅព្យាបាលឲ្យជនរងគ្រោះកំពុងមានជំងឺកូវីដ ១៩

    ថៃ៖ មន្ទីរពេទ្យ Songklanagarind  ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃបានប្រកាសឲ្យដឹងថា ខាងមន្ទីរពេទ្យអាចយកប្លាស្មារបស់មនុស្សដែលទើបនឹងជាសះសើ្បយពីជំងឺកូវីដ ១៩ ទៅព្យាបាលឲ្យជនរងគ្រោះកំពុងមានជំងឺកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធិភាពនិងជោគជ័យខ្ពស់បំផុត។ បើតាមលោកវេជ្ជបណ្ឌិត Sarunyou Chusri អ្នកឯកទេសផ្នែកជំងឺឆ្លង និងជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតថៃជាច្រើនរូបទៀតដែលបានសាកល្បងព្យាបាលអ្នកជំងឺតាមរយៈការប្រើប្រាស់ប្លាស្មានេះបានឲ្យដឹងថា កាលពីថ្ងៃទី ១៩ ឧសភា កន្លងទៅនេះមានមនុស្សម្នាក់ដែលទើបនឹងជាសះស្បើយពីជំងឺកូវីដ ១៩ មួយរយភាគរយ បានសម្រេចបរិច្ចាគប្លាស្មារបស់គាត់ដើម្បីទុកឲ្យខាងមន្ទីរពេទ្យប្រើប្រាស់សម្រាប់ធ្វើការពិសោធន៍ សិក្សា​ ឬប្រើប្រាស់ក្នុងគោលបំណងវេជ្ជសាស្រ្តផ្សេងៗ។

    ក្រោយមកខាងមន្ទីរពេទ្យបានយកប្លាស្មាដែលជាការបរិច្ចាគនោះចំណុះ ២០០ CC ចំនួន ២ ដង ទៅចាក់ក្នុងខ្លួនអ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលកំពុងមានបញ្ហាសុខភាពជាច្រើនដូចជា កម្រិតអុកស៊ីសែននៅក្នុងឈាមធ្លាក់ចុះយ៉ាងខ្លាំង ចង្វាក់បេះដូងដើរយឺតជាងធម្មតា និងប្រព័ន្ធផ្លូវដង្ហើមកំពុងចុះខ្សោយយ៉ាងខ្លាំង។ ៣ ថ្ងៃក្រោយមកលទ្ធផល​បង្ហាញថា បញ្ហាសុខភាពរបស់អ្នកជំងឺហាក់ត្របល់ទៅរកភាពល្អប្រសើរបានច្រើននិងឆាប់រហ័សបំផុត បើធៀបទៅនឹងអ្នកជំងឺកូវីដ ១៩ ផ្សេងទៀត ដែលទទួលបានការព្យាបាលដូចគ្នា តែមិនបានចាក់បន្ថែមប្លាស្មារបស់ជនរងគ្រោះដែលទើបនឹងជាស្បើយចូលទៅក្នុងខ្លួនពួកគេ។ យ៉ាងណាក្តី ខាងមន្ទីរពេទ្យបានបញ្ចាក់ថា នេះគ្រាន់តែជាករណីមួយប៉ុណ្ណោះហើយគេនៅមិនទាន់ដឹងច្បាស់ថា តើវិធីព្យាបាលដោយប្រើប្លាស្មានេះអាចមានប្រសិទ្ធភាពចំពោះអ្នកជំងឺគ្រប់គ្នា ឬយ៉ាងណានោះទេ ហើយពេលនេះគេកំពុងបន្តសិក្សាបន្ថែមទៀតជុំវិញករណីពិសេសមួយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: