សភាប្រទេសចិនមុននេះបន្ដិចបានបោះឆ្នោត ដើម្បីអនុម័តធ្វើសេចក្តីព្រាងច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង
សភាប្រទេសចិននៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានអនុម័តផែនការសម្រាប់ច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស សម្រាប់ទីក្រុងហុងកុង។ សមាជប្រជាជនចិន (NPC) បានបោះឆ្នោតគាំទ្រយ៉ាងលើសលុបចំពោះសំណើធ្វើច្បាប់ព្រាងនេះ ដោយមានសំឡេងគាំទ្រ ២,៨៧៨ ទល់នឹងប្រឆាំង ១ ខណៈមាន ៦ សំឡេងទៀតមិនបានបោះឆ្នោត។ ការបោះឆ្នោតនេះបានអនុញ្ញាតឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ធ្វើសេចក្តីព្រាងច្បាប់ ដើម្បីដាក់ទណ្ឌកម្មការធ្វើអបគមន៍ ការបង្ហិនបង្ហោចអំណាចរដ្ឋ ការធ្វើភេរវកម្ម និងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនៅហុងកុង។

ក្រុមអ្នកតាក់តែងច្បាប់នៅមហាវិមានប្រជាជនបានទះដៃអបអរសាទរចំពោះលទ្ធផល នៅពេលការបោះឆ្នោតរបស់ពួកគេទទួលបានសំឡេងខ្ពស់។ ប៉ុន្តែយ៉ាងណាក្រុមអ្នករិះគន់ រួមទាំងអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានអះអាងជាយូរមកហើយថា វិធានការណ៍បែបនេះនឹងធ្វើឱ្យបាត់បង់ស្វ័យភាពទឹកដី ហើយហុងកុងត្រូវទទួលយកវិធានការរបស់ចិនដីគោក។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ក៏បាននិយាយដែរថា ទីក្រុងហុងកុងលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឋានៈពិសេសរបស់ខ្លួន នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក។


អត្ថបទ៖ លីដា
ប្រភព៖ DW