លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយទាក់ទងនឹងបណ្ដាញសង្គម ក្រោយខឹង Twitter ប្រើមុខងារមួយនេះជ្រៀតជ្រែកលើការបង្ហោះរបស់គាត់
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលផ្តោតលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពេលដែលលោក ដូណាល់ ត្រាំ មិនសប្បាយចិត្តចំពោះបណ្ដាញសង្គម Twitter ។ ពោលគឺកាលពីដើមសប្តាហ៍នេះ Twitter បានអនុវត្តការត្រួតពិនិត្យ fact-check ទៅលើការបង្ហោះរបស់លោក ត្រាំ ចំនួន ២ ដែលវាទាក់ទងនឹងការបោះឆ្នោតតាមអ៊ីមែល នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខនេះ។ ប្រធានាធិបតីរូបនេះបានតបមកវិញជាមួយនឹងការចោទប្រកាន់បណ្ដាញ Twitter ថា បានជ្រៀតជ្រែកក្នុងការឃោសនារបស់លោក។

ព័ត៌មានលម្អិតនៃបទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍គឺមិនច្បាស់ទេ ប៉ុន្តែមុនពេលចុះហត្ថលេខាលោក ដូណាល់ ត្រាំ បានអះអាងថា ភាពផ្តាច់មុខនៃប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលមួយក្តាប់តូច បានគ្រប់គ្រងផ្នែកធំនៃការទំនាក់ទំនងសាធារណៈ និងឯកជនទាំងអស់នៅសហរដ្ឋអាមេរិក។ លោកក៏បានអំពាវនាវឱ្យពិនិត្យឡើងវិញនូវច្បាប់មួយដែលការពារបណ្ដាញ Twitter និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀត ពីការទទួលខុសត្រូវចំពោះខ្លឹមសារដែលបានបង្ហោះដោយអ្នកប្រើប្រាស់របស់ពួកគេ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK