អន្តរជាតិ

ថៃនឹងអនុវត្តកម្មវិធីធ្វើតេស្តរកមេរោគកូវីដ ១៩ ចំពោះពលរដ្ឋចំនួន ១ សែននាក់នៅចុងខែនេះ

BY
autoadmin
May 30, 2020

ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃបានឲ្យដឹងថា អាជ្ញាធរថៃនឹងអនុវត្តកម្មវិធីត្រួតពិនិត្យតាមសហគមន៍មួយ ដែលអនុញ្ញាតឲ្យគេអាចធ្វើតេស្តរកមេរោគកូវីដ ១៩ ចំពោះពលរដ្ឋចំនួន ១០០,០០០ នាក់នៅចុងខែនេះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Kankawinphong ប្រធាននាយកដ្ឋានខាងលើបានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគនឹងត្រូវធ្វើឡើងចំពោះក្រុមមនុស្សគោលដៅនៅទូទាំងប្រទេសថៃ ហើយគោលបំណងសំខាន់នៃការអនុវត្តកម្មវិធីមួយនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ។

វេជ្ជបណ្ឌិត Opas Kankawinphong បានបន្តថា មនុស្សគោលដៅដែលត្រូវទទួលបានការធ្វើតេស្តនោះមាន ២ក្រុម ទី ១ក្រុមមនុស្សដែលត្រូវធ្វើការងារនៅទីសាធារណៈឬកន្លែងងាយឆ្លងជំងឺដូចជា មន្រ្តីសុខាភិបាលសាធារណៈ អ្នកបើកបរតាក់ស៊ី និងអ្នកដឹងជញ្ជូនសាធារណៈជាដើម។

ចំពោះក្រុមគោលដៅទី ២វិញគឺសំដៅលើក្រុមប្រជាពលរដ្ឋដែលរស់នៅបែបប្រមូលផ្ដុំគ្នាយ៉ាងកកកុញដោយមិនបានរក្សាគំលាតសង្គមនៅតាមបណ្ដាសហគមន៍ក្រីក្រមួយចំនួន។ យ៉ាងណាក្តី បន្ថែមពីលើក្រុមមនុស្សគោលដៅទាំង ២ក្រុមខាងលើនេះ ពលរដ្ឋណាដែលមានការទាក់ទងយ៉ាងជិតស្និតជាមួយនឹងអ្នកជំងឺកូវីដ ១៩ ក៏អាចត្រូវបានគេធ្វើតេស្តផងដែរ បើទោះបីជាពួកគាត់មិនទាន់មានរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ។ កម្មវិធីខាងលើនេះនឹងផ្តើមអនុវត្តមុនគេនៅក្នុងខេត្ត Nakhon Ratchasima ខេត្ត Surat Thani និងខេត្ត Pattani ហើយសម្រាប់ខេត្តផ្សេងៗទៀតនឹងត្រូវអនុវត្តពេលក្រោយទៀតតាមការកំណត់របស់ក្រសួងសុខាភិបាលសាធារណៈថៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost

Share This Post: