អន្តរជាតិ

កូរ៉េខាងត្បូងសម្រេចដាក់កម្រិតលើចំនួនសិស្សទៅសាលារៀន ក្រោយមានករណីជំងឺ COVID-19 ទាក់ទងនឹងសិស្សសាលា

BY
autoadmin
May 29, 2020

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានសម្រេចដាក់កម្រិតលើចំនួនកូនសិស្សដែលត្រូវទៅសាលារៀន ដោយសារបានមើលឃើញថា មានករណីថ្មីៗនៃអ្នកឆ្លងជំងឺ COVID-19 ត្រូវបានរកឃើញចេញពីសាលារៀន នៅចំពេលដែលប្រទេសនេះទើបតែឱ្យកូនសិស្សតូចៗចូលរៀនវិញនាពេលថ្មីៗនេះប៉ុណ្ណោះ ក្រោយបិទសាលារៀនតាំងតែពីប្រទេសកូរ៉េខាងត្បូងធ្លាប់ជាប្រទេសមានការឆ្លងជំងឺ COVID-19 ច្រើនជាងគេនៅក្រៅប្រទេសចិន។ ការដាក់កម្រិតថ្មីនេះមានន័យថា កូនសិស្ស ១នាក់ ក្នុងចំណោមសិស្ស ៣នាក់ ដែលស្ថិតក្នុងថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអនុវិទ្យាល័យ ទើបអាចទៅសាលារៀនវិញបាន ហើយក្រៅពីនោះត្រូវរៀនតាមអនឡាញពីផ្ទះរបស់ពួកគេ។

ក្នុងនោះផងដែរសាលារៀនចំនួន ៥០២ កន្លែង ដែលមានការផ្សារភ្ជាប់នឹងតំបន់ដែលឆ្លងជំងឺ COVID នឹងនៅតែបន្ដបិទទ្វារមិនឱ្យសិស្សទៅសាលានោះទេ។ ការរក្សារគម្លាតក៏ត្រូវបានបន្ធូរបន្ថយ ហើយប្រទេសនេះគឺកំពុងតែចាប់ផ្ដើមជីវិតធម្មតារបស់ពួកគេវិញនៅសប្ដាហ៍នេះ និងមានតែតំបន់ជាប់ពាក់ព័ន្ធប៉ុណ្ណោះដែលនៅតែមានការរឹតត្បឹត។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះមានការកត់ត្រាតួលេខអ្នកឆ្លងជំងឺ COVID-19 ថ្មីខ្ពស់បំផុតក្នុងរយៈពេល ២ខែ ដោយមាន ៩៦ករណី ប៉ុន្តែថ្ងៃសុក្រនេះថយចុះមកនៅត្រឹម ៥៨ ករណីថ្មី ដែលនាំឱ្យករណីសរុបរបស់ប្រទេសនេះមានចំនួន ១១,៤០២នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Arab News

Share This Post: