អន្តរជាតិ

ប៉ូលីសស្បែកសដែលសង្កត់-ក លោក George Floyd ឱ្យថប់ដង្ហើមស្លាប់ ត្រូវបណ្ដេញចេញពីការងារ និងត្រូវជាប់ចោទពីបទឃាតកម្ម

BY
autoadmin
May 30, 2020

អតីតប៉ូលីសស្បែកសនៅទីក្រុង Minneapolis របស់សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃាតកម្មកម្រិតទី ៣ លើការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ។ កាលពីថ្ងៃច័ន្ទកន្លងទៅជន Derek Chauvin ត្រូវបានគេឃើញបានផ្ទប់មុខលោក George Floyd អាយុ ៤៦ឆ្នាំ ទៅនឹងដីដោយប្រើជង្គង់សង្កត់ពីលើ ទោះបីជាពេលនោះជនរងគ្រោះនិយាយថា គាត់មិនអាចដកដង្ហើមបានក៏ដោយ។ ឧប្បត្តិហេតុនេះបានបង្កឱ្យមានការរំជើបរំជួលជាច្រើនថ្ងៃនៅទីក្រុង នៅពេលដែលក្រុមអ្នកតវ៉ាបានចូលលួចក្នុងផ្សារទំនើប និងបានដុតបំផ្លាញប៉ុស្តិ៍ប៉ូលិស។

កាលពីថ្ងៃសុក្រព្រះរាជអាជ្ញាក្នុងតំបន់បានប្រកាសថា ជន Derek Chauvin គឺជាមន្ត្រីម្នាក់ក្នុងចំណោម ៤នាក់ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយពួកគេទាំងអស់ត្រូវបានគេបណ្តេញចេញពីការងារ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីការចូលរួមរបស់អ្នកដទៃទៀត។ ចាប់តាំងពីពេលនោះមកការតវ៉ាបានរីករាលដាលដល់ទីក្រុងធំៗចំនួន ៧ ផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលរួមមានទីក្រុង Los Angeles ។ នៅឯ Manhattan ក្នុងរដ្ឋញូវយ៉ក មនុស្សជាង ៤០នាក់ ត្រូវបានចាប់យកទៅឃុំឃាំង នៅក្នុងអំពើហឹង្សារវាងប៉ូលីស និងអ្នកតវ៉ា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: