អន្តរជាតិ

មនុស្ស ៧នាក់ត្រូវចាប់ខ្លួននៅសិង្ហបុរីពីបទជួបជុំគ្នាមិនរក្សាគំលាតសង្គម ហើយអាចប្រឈមនឹងជាប់គុក ៦ខែនិងពិន័យជាប្រាក់ ១ម៉ឺនដុល្លារ

BY
autoadmin
June 1, 2020

សិង្ហបុរី៖ មនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួនពីបទជួបជុំគ្នានៅតំបន់កំសាន្ត Robertson Quay ក្នុងប្រទេសសិង្ហបុរី ដោយគ្មានការអនុញ្ញាតនិងមិនបានរក្សាគំលាតសង្គម ដែលជាបំរាមដ៏តឹងរឹងដាក់ចេញដោយរដ្ឋាភិបាលសិង្ហបុរីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasiaបានឲ្យដឹងថាក្នុងចំណោមមនុស្សទាំង ៧ នាក់នេះមានមនុស្សប្រុសចំនួន ៦ នាក់ និងស្រី ១ នាក់ មានអាយុចន្លោះពី ៣០ ដល់ ៥២ ឆ្នាំ។

រហូតមកទល់នឹងពេលនេះមនុស្សទាំង ៧ នាក់នេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសពីតុលាការសិង្ហបុរី ហើយបើយោងតាមច្បាប់ពួកគេម្នាក់ៗត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៦ ខែ ឬពិនិត្យជាប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិក ឬអាចនឹងត្រូវទទួលទោសទាំងការជាប់គុកនិងពិន័យជាប្រាក់ព្រមគ្នាតែម្តង។

យ៉ាងណាក្តី អាជ្ញាធរសិង្ហបុរីមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់មនុស្សទាំង ៧ នេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា ពួកគេសុទ្ធតែជាជនបរទេសមកពីប្រទេសមួយចំនួនផ្សេងគ្នា តែមិនមែនជាពលរដ្ឋសិង្ហបុរីនោះទេ។ សូមបញ្ជាក់ជូនថា អាជ្ញាធរសិង្ហបុរីបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្រោយតួលេខអ្នកជំងឺកូវីដ ១៩ ក្នុងប្រទេសខ្លួនបានកើតឡើងដល់ ៣៣ ៨៦០ ករណី និងស្លាប់ចំនួន ២៣ ករណី៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia

Share This Post: