អន្តរជាតិ

ដើរលេងក្រេបទឹកឃ្មុំសម័យកូវីដ ធ្វើឲ្យប្តីប្រពន្ធ១គូជាប់គាំងនៅសិង្ហបុរីមិនអាចត្រលប់ទៅប្រទេសកំណើតវិញបាន

BY
autoadmin
June 1, 2020

សិង្ហបុរី៖ វិបត្តិនៃជំងឺកូវីដ ១៩​បានធ្វើឲ្យដំណើរកំសាន្តក្រេបទឹកឃ្មុំរបស់ប្តីប្រពន្ធទើបរៀបការរួចមួយគូក្លាយទៅជារឿងរ៉ាវជូរចត់បំផុតក្នុងជីវិតរបស់ពួកគាត់។ រឿងរ៉ាវអកុសលមួយនេះបានកើតចំពោះគូស្នេហ៍ជនជាតិស្រីលង្ការ ដែលមានបុរសជាស្វាមីឈ្មោះ Brahim Casseem  អាយុ ៣០ ឆ្នាំ និងប្រពន្ធរបស់គាត់មានឈ្មោះថា Dilka Dilukshi ។ បន្ទាប់ពីរៀបការរួចពួកគាត់បានសម្រេចទៅក្រេបទឹកឃ្មុំនៅក្នុងប្រទេសសិង្ហបុរីរយៈពេល ២​ សប្តាហ៍ ហើយពួកគាត់បានទៅដល់ទឹកដីសិង្ហបុរីនៅថ្ងៃទី ១១ ខែ មីនាកន្លងទៅនេះ។

បើតាមលោក Brahim Casseem បានរៀបរាប់ឲ្យដឹងថា រូបគាត់មានការងារជាគ្រូតន្រ្តីម្នាក់នៅស្រីលង្ការហើយគាត់ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភអីដែរ។ លោក Brahim Casseem បានបន្តថា គាត់បានចំណាយលុយ ៤៣៣ ដុល្លារអាមេរិក ដើម្បីទិញសំបុត្រយន្តហោះទៅមក និងមានលុយត្រៀមជាប់ខ្លួនចំនួន ៧១០ ដុល្លារអាមេរិកសម្រាប់ការចាយវាយក្នុងប្រទេសសឹង្ហបុរី។ លោក​ Brahim Casseem បានបញ្ជាក់ថា មុនពេលសម្រេចចិត្តធ្វើដំណើរមកប្រទេសសិង្ហបុរីគាត់បានដឹងពីការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិនដែរ តែមិនបានគិតថា ជំងឺនេះអាចរាតត្បាតដល់ប្រទេសដដៃក្នុងកម្រិតធ្ងន់ធរនោះទេ។

ផ្ទុយពីការគិតរបស់គាត់ ក្រោយពេលមកដល់សិង្ហបុរីស្រាប់តែស្ថានភាពនៃជំងឺកូវីដ ១៩ កាន់តែអាក្រក់ឡើងរហូតប្រទេសស្រីលង្ការត្រូវសម្រេចបិទប្រទេសទាំងមូល ហើយសិង្ហបុរីក៏បានបិទប្រទេសហើយពួកគាត់ក៏មិនអាចដើរលេងសប្បាយតាមចិត្តតាមការគ្រោងទុកបានឡើយ។ រហូតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ២ ខែហើយដែលពួកគាត់ទាំង ២នាក់មិនអាចទៅណារួច ក្រៅតែពីបង្ខំចិត្តសម្ងំនៅក្នុងបន្ទប់គេងក្នុងប្រទេសសិង្ហបុរីទាំងអារម្មណ៍ភ័យខ្លាចឆ្លងជំងឺកូវីដ ១៩។

អ្វីដែលកាត់តែអាក្រក់នោះគឺលុយរបស់ពួកគាត់ក៏ជិតអស់ទៀត ហើយពួកគាត់គ្រោងនឹងទៅដេកលើដងផ្លូវទៀតផងព្រោះតែគ្មានលទ្ធភាពបង់ថ្លៃសណ្ឋាគារបាន។​ យ៉ាងណាក្តី ក្រោយដំណឹងរបស់ពួកគាត់ត្រូវបានចុះផ្សាយតាមសារព័ត៌មាន ពួកគាត់ត្រូវបានក្រុមពលរដ្ឋស្រីលង្ការដែលកំពុងរស់នៅក្នុងប្រទេសសិង្ហបុរីជួយសង្គ្រោះ ហើយបើតាមគម្រោងពួកគាត់អាចនឹងត្រលប់ទៅប្រទេសកំណើតវិញនៅថ្ងៃទី ២ មិថុនាខាងមុខនេះផងដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖channelnewsasia

Share This Post: