អន្តរជាតិ

កូរ៉េខាងត្បូងនឹងប្រើប្រាស់កូដ QR នៅកន្លែងកម្សាន្តរាត្រីទាំងអស់ ដើម្បីតាមដានពីករណីជំងឺកូវីដ១៩

BY
autoadmin
June 1, 2020

ក្លឹបរាត្រី បារ៍ និងបន្ទប់ច្រៀងខារ៉ាអូខេនៅប្រទេសកូរ៉េខាងត្បូង នឹងតម្រូវឱ្យប្រើកូដ QR ដើម្បីចុះឈ្មោះ មុនពេលដែលភ្ញៀវអាចចូលកន្លែងកម្សាន្តទាំងនោះបាន។ ការផ្លាស់ប្ដូរនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចរឹតបន្តឹងកន្លែងដែលមានហានិភ័យខ្ពស់នានា ដែលរួមមានកន្លែងកម្សាន្តរាត្រីទាំងអស់។ វិធានការនេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីការសាកល្បងរយៈពេលមួយសប្តាហ៍ នៅទីក្រុងសេអ៊ូល អ៊ិនឈុន និងដេចន់ ចាប់ផ្តើមពីថ្ងៃច័ន្ទនេះតទៅ រហូតដល់ថ្ងៃទី០៧ ខែមិថុនា។ ការប្រើកម្មវិធីឌីជីថលបែបនេះក៏អាចត្រូវបានពង្រីកដល់កន្លែងជាច្រើនផ្សេងទៀតរួមមាន៖ កន្លែងគោរពបូជា បណ្ណាល័យ និងរោងកុនផងដែរ។

នេះមានន័យថាអ្នកដែលចូលកន្លែងកម្សាន្តនានានឹងត្រូវមានលេខកូដ QR សម្រាប់ប្រើមួយដង (one-time) តាមរយៈកម្មវិធីស្មាតហ្វូនហើយបញ្ជូនទៅខាងកន្លែងកម្សាន្ត បន្ទាប់មកអ្នកគ្រប់គ្រងកន្លែងកម្សាន្តនឹងស្កេនលេខកូដនោះ ហើយបញ្ចូលវាទៅក្នុងបញ្ជីចុះឈ្មោះអតិថិជន។ ដូច្នេះប្រសិនបើមានការឆ្លងជាក្រុមកើតឡើងនោះ អាជ្ញាធរសុខាភិបាលនឹងអាចតាមដានមនុស្សដែលបាននៅទីនោះបានយ៉ាងជាក់លាក់ តាមរយៈទិន្នន័យកូដ QR ដែលត្រូវបានរក្សាទុកនៅឯសេវាសន្តិសុខសង្គមស៊ើបការណ៍សម្ងាត់ (Social Security Intelligence Service) ហើយទិន្នន័យតាមរយៈកូដ QR នឹងអាចរក្សាបានដល់ ៤សប្ដាហ៍ ប៉ុន្តែរដ្ឋាភិបាលនឹងមិនបង្ហាញឈ្មោះអ្នកជំងឺនោះទេ ដើម្បីរក្សាភាពឯកជនរបស់ពួកគេ។

គួរឱ្យដឹងដែរថា ការផ្លាស់ប្ដូរថ្មីៗនេះដោយសារនៅកូរ៉េខាងត្បូងមានករណីផ្ទុះឡើងនៅកន្លែងកម្សាន្តរាត្រី ដោយគិតមកទល់ពេលនេះមានករណីជំងឺ COVID-19 ចំនួន ២៧០​ករណី ត្រូវបានបញ្ជាក់ចេញពីតំបន់ Itaewon ៕

អត្ថបទ៖ លីដា
ប្រភព៖ Korea Herald

Share This Post: